ថៃ ដកហូតសិទ្ធិកាន់កាប់លិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យ៉ីងឡាក់

អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​ទម្លាក់​ពី​ដំណែង​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤ លោកស្រី យ៉ី​ង​ឡាក់ និង ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ទោស ៥ ឆ្នាំ ដោយ​ការកាត់ក្តី​កំបាំងមុខ​កាលពី​ខែ​មុននេះ ត្រូវបាន​ក្រសួងការបរទេស​ថៃ ដកហូត​សិទ្ធ​កាន់កាប់​លិខិតឆ្លងដែន​ទាំងអស់​របស់លោក​ស្រី​ហើយ ។

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​លោក ​ដុន ​ប្រា​ម៉ុ​ត​វី​ណៃ (Don Pramudwinai) បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ថ្ងៃ​អង្គារ​នេះ​ថា រាល់​លិខិតឆ្លងដែន​ទាំងអស់​របស់លោក​ស្រី​ យ៉ី​ង​ឡាក់ ​ត្រូវបាន​ផ្អាក​មិនឱ្យ​ដំណើរការ និង ប្រើប្រាស់​បាន​ទៀត​នោះទេ ។ ហើយ​មកទល់ពេលនេះ គេ​ក៏​នៅ​មិនទាន់​បានដឹង​ពី​កន្លែង​លាក់ខ្លួន​របស់លោក​ស្រី​នៅឡើយ ។ កន្លងមក​មាន​សេចក្តីរាយការណ៍​ថា លោកស្រី​បាន​ទៅសំងំ​ខ្លួន​នៅ​ចក្រភព​អង់គ្លេស ប៉ុន្តែ​មិន​ច្បាស់​ថា ​ទីក្រុង​ណាមួយ​នោះទេ ។​

​អាជ្ញាធរ​ថៃ​បាន​និយាយថា​ លោកស្រី ​យ៉ី​ង​ឡាក់ ​កំពុងកាន់​លិខិតឆ្លងដែន​ថៃ​ចំនួន ៤ ក្នុងនោះ លិខិតឆ្លងដែន​ប្រភេទ​ការទូត​ចំនួន ២ និង លិខិតឆ្លងដែន​ផ្ទាល់ខ្លួន​ចំនួន ២ ។ ទោះជា​យ៉ាងណាក្តី អនុប្រធាន​ប៉ូលីស​ថៃ លោក Srivara Ransibrahmanakul បាន​និយាយថា​ អាជ្ញាធរ​នៅតែ​កំពុងធ្វើការ​តាមដានរ​ក​ទីតាំង​លាក់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ និង ចាប់បញ្ជូន​ខ្លួន​អ្នកស្រី​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ ។ ប៉ុន្តែ​មកទល់ពេលនេះ​នៅ​មិនទាន់មាន​ប្រទេស​ណាមួយ​បាន​ឆ្លើយតប និង ឃើញ​វត្តមាន​លោកស្រី​នៅឡើយ ។​

​លោកស្រី ​យ៉ី​ង​ឡាក់ ​ដែល​ធ្លាប់​តែមាន​ភាព​សកម្ម​ខ្លាំ​ង​ក្នុង​បណ្តាញ​សង្គម ក៏​បែរ​ទៅជា​ស្ងប់ស្ងាត់​ទៅវិញ ចាប់តាំងពី​ពេល​រត់គេច​មក ។

​គួររំឭកថា គ្រួសារ​របស់លោក​ស្រី និង បងប្រុស ធ្លាប់មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅតាម​ជនបទ និង ទទួលបាន​ការគាំទ្រ​សន្លឹកឆ្នោត​ច្រើន​កាលពី​អតីតកាល ។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ឥស្សរជន និង សម្ព័ន្ធមិត្ត​កងទ័ព​ថៃ​មួយចំនួនបាន​ចោទប្រកាន់​ពី​អំពើពុករលួយ និង បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០០៦ ។

​បងប្រុស​របស់លោក​ស្រី ​យ៉ី​ង​ឡាក់ ​គឺ លោក ​ថាក់ស៊ីន ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ដំណែង​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ ២០០៦ ត្រូវបាន​និរទេស​ខ្លួន​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ចៀសវាង​ការកាត់ទោស​ពីបទ​ពុករលួយ ។ ដោយឡែក​របប​យោធា​ថៃ បាន​ប្តេជ្ញា​នឹងធ្វើ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា ​ឆ្នាំ ២០១៨ ខាងមុខ ប៉ុន្តែ​ការបោះឆ្នោត​នេះ​ត្រូវបាន​អ្នកវិភាគ​យល់ថា មើលទៅ​នឹងមិន​មា​នភា​ព​យុត្តិធម៌ និង គោរព​តាម​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នោះឡើយ ៕ សុផល (​ប្រភព​៖ AFP)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច