អតីតគូស្នេហ៍ ឈិន ឡុង ត្រូវចោរចូលផ្ទះលួចអស់ ១៧ ម៉ឺនដុល្លារហុងកុង

អតីត​រាជ​នី​សម្រស់ និង ជា​អតីត​មិត្តស្រី​របស់​សម្តែង​តារាភាពយន្ត ​ឈិន ​ឡុង បាន​ទូរស័ព្ទ​ទៅកាន់​ប៉ូលិស​ភ្លាមៗ​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បន្ទាប់ពី​នាង​បាត់​របស់របរ​មួយចំនួន ដែល​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ ២១ ៧៨២ ដុល្លារ​អាមេរិក (១៧​ម៉ឺន ដុល្លារ​ហុងកុង​)​ ពី​ផ្ទះល្វែង​មួយកន្លែង​នៅ​ហុងកុង ។

​ប៉ូលីស​បាន​ចូលទៅ​ពិនិត្យ​ភ្លាមៗ​នៅផ្ទះ​ល្វែង​នៅ​តំបន់ Happy Valley ដែលជា​តំបន់​ដាច់ស្រយាល​មួយ​នៅក្បែរ​ឆ្នេរសមុទ្រ Causeway Bay បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​អតីត​បវរកញ្ញា​អាស៊ាន​ម្នាក់ គឺ​លោកស្រី Elaine Ng Yi-lei ដែល​បច្ចុប្បន្ន​មាន​អាយុ ៤៥ ឆ្នាំ​ហើយ ។​

​បើតាម​ប៉ូលីស​បានឱ្យដឹងថា របស់​ដែល​បាត់​នោះ មានដូចជា​ចិ​ញ្ជៀ​ន ២ វង់មានតម្លៃ ៧ ​ម៉ឺន​ដុល្លារ​ហុងកុង ហ្គី​តា​ចំនួន ២ មានតម្លៃ ១០ ម៉ឺន​ដុល្លារ​ហុងកុង គឺ​បាន​បាត់​ពី​ផ្ទះ​ដោយ​គ្មាន​មូលហេតុ ហើយ​ប៉ូលីស​កំពុងធ្វើការ​ស៊ើប​អ​ង្គេ​ត​ពី​រឿងនេះ ។

​គួរ​រំលឹក​ដែរ​ថា អ្នកស្រី Ng Yi- lei ធ្លាប់​ឈ្នះ​រង្វាន់​ជា​បវរកញ្ញា Miss Asia កាលពី​ឆ្នាំ ១៩៩០ និង ​បាន​បន្ត​ការសម្តែង​នៅក្នុង​ខ្សែភាពយន្ត និង កម្មវិធី​ទូរទស្សន៍ TVB ជាច្រើន​មកហើយ ។ ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​លោក ឈិន​ឡុង ត្រូវបាន​បែកធ្លាយ​នៅ​ឆ្នាំ ១៩៩៩ បន្ទាប់ពី​នាង​បានប្រកាសថា ​មាន​ផ្ទៃពោះ ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម្នាក់​កាលពី​ពេលនោះ ។ ហើយ​កាលនោះលោក ឈិន​ ឡុង ​បាន និយាយថា នេះ​គឺជា​កំហុស​មួយ​ដែល​បុរស​ជាច្រើន​ធ្លាប់​ឆ្លងកាត់​ជាទូទៅ ទៅហើយ នៅក្នុង​រង្វង់​សិល្បៈ ។

​បើ​យោងតាម​ស្ថិតិ​ផ្លូវការ​ពី​ប៉ូលីស​បាន​រាយការណ៍​ឱ្យដឹងថា​ មាន​ករណីបែបនេះ ចំនួន ១៤០៨៧ ករណី​មកហើយ នៅក្នុង​ទីក្រុង​ហុងកុង ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៧ នេះ ប៉ុន្តែ​វា​មានការ​ថយចុះ​បន្តិច​បាន​ចំនួន ៣,៥​ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​ក្នុង​រយៈពេល​ដូចគ្នា ៕ សុផល (​ប្រភព​៖ The South China Morning Post)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច