តារាចម្រៀង Park Chanyeol ចាយលុយអស់មិនស្ទើរ សម្រាប់ឈុតសម្លៀកបំពាក់ថ្ងៃបុណ្យ Halloween

ពិធីបុណ្យ​អន្តរជាតិ​ដែល​គេ​ស្គាល់​ថា Halloween កាន់តែ​កៀក​ខិតជិត​ដល់​ថ្ងៃ ហើយ​នៅ​ប្រទេស​កូរ៉េ តារា​ល្បីៗ​ជាច្រើន​បាន​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នេះ ដោយ​ពួកគេ​ព្យាយាម​តុបតែង​ខ្លួន​ប្លែកៗ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន ។​

​ផលិតកម្ម SM Entertainment ក៏បាន​ប្រារព្ធ​ពិធីជប់លៀង​មួយ​ដែរ សម្រាប់​ថ្ងៃបុណ្យ Halloween នេះ ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​ជាងគេ​នោះ​គឺ​លើ​លោក Chanyeol ដែល​លោក​បាន​បង្ហាញខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​ឈុត Iron Man ។ គេ​បានដឹង​ដែរ​ថា លោក Chanyeol បាន​ត្រៀម​ប្រាក់​ទិញ​ឈុត​នេះ​តាំង​ដើមខែ​កញ្ញា​ម្ល៉េះ ហើយ​លោក​បាន​បញ្ជាក់ថា ឈុត​នេះ​ធ្វើឱ្យ​គណនី​ធនាគារ​លោក​សល់​តែ ៥៤,០០០ វ៉ុ​ន (៤៨ ដុល្លារ​) ប៉ុណ្ណោះ ។

​ក្រោយមក ក៏មាន​គេ​បាន​ឃើញថា ឈុត Iron Man នេះ​សឹងតែ​ដូច​បេះបិទ​ទៅក្នុង​ខ្សែភាពយន្ត ហើយ​វា​មានតម្លៃ​ប្រមាណ​ជាង ១ ម៉ឺន​ដុល្លារ ដែល​បានដាក់​លក់​តាម​អន​ឡាញ ។ គេ​ជឿថា ឈុត​ដែល​លោក Chanyeol ទិញ​នេះ​អាច​នឹង​ថ្លៃ​ជាង​នេះ​ផង ព្រោះ​គាត់​មាន​កម្ពស់​ខ្ពស់ ហេតុនេះ​គាត់​ត្រូវ​កម្មង់​គេ​ធ្វើ ដើម្បីឱ្យ​សមាមាត្រ​នឹង​កម្ពស់​គាត់ ។​

​គួរ​បញ្ជាក់ដែរថា កាលពី​បុណ្យ Halloween ឆ្នាំមុន លោក Chanyeol ក៏​ធ្វើឱ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​នឹង​របៀប​តុបតែង​ខ្លួន​របស់លោក​ដែរ ដោយ​លោក​បាន​តុបតែង​ជា​តួអង្គ​ចិត្តអាក្រក់ Joker នៅក្នុង​រឿង វីរបុរស​ប្រជៀវ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច