សមត្ថកិច្ចបង្ក្រាបកន្លែងផលិតទឹកម្ទេស ទឹកសៀង ទឹកត្រីកោះកុង និង ទឹកប្រេងខ្យងជាង ៩ តោន ពុំមានស្តង់ដារត្រឹមត្រូវ

កន្លងមកគ្រឿងសំអាងក្លែងក្លាយរាប់សិបតោន មានដូចជាប្រភេទឡេ និង ថ្នាំលាបសក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និង ដុតបំផ្លាញចោល រួចមកហើយ ។ ប៉ុន្តែឥឡូវនេះ សមត្ថកិច្ចបានរកឃើញទីតាំង​ផលិត ​ទឹក​សៀង ​ទឹក​ម្ទេស ​ទឹក​ត្រី​កោះកុង ​និង ​ទឹកប្រេង​ខ្យង ​មួយកន្លែង ​ដែលមានទីតាំងស្ថិតនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ ​ដែលផលិតពុំមានស្តង់​ដារ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

ប្រតិបត្តិការ​បង្ក្រាបនេះ ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ៣០ ​ខែ​តុលា​ ឆ្នាំ ​២០១៧​ នៅ​ទីតាំង​សិប្បកម្ម ​យីហោ “​ហូលាង”​ ស្ថិត​នៅក្នុង​ដីឡូត៍​លេខ​៣៤៤​ ផ្លូវ​ហាណូយ ​(១០១៩) សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំពេញ​។

បើតាមប្រភពពីមន្ត្រី​ ដែលបានចុះ​ទៅធ្វើការបង្ក្រាប​នោះបាន​ឱ្យដឹង​ថា ​ម្ចាស់​ទីតាំង​ខាង​លើ​មានឈ្មោះ ​ប៊ួយ ហូ ដោយ​ទីតាំង​នេះ​ម្ចាស់​បាន​សុំ​ច្បាប់​ផលិត​តែ​២​មុខ​ប៉ុណ្ណោះ ​ប៉ុន្តែគេបានលួច​ផលិតជា​ច្រើន​មុខ​ និង ​គ្មាន​ស្តង់ដារ​ត្រឹម​ត្រូវ​ រួម​មាន​ទឹក​សៀង​ ទឹក​ម្ទេស ​ទឹកត្រីកោះកុង ​និង​ ប្រេង​ខ្យង​ ដោយ​ពុំ​បាន​សុំ​ចុះ​បញ្ជីផលិត​ផល ​(ចបផ) ​ជាមួយ​ស្តង់​ដារ​កម្ពុជា​ឡើយ​ ។ ក្នុងការ​បង្ក្រាប​នេះ ​សមត្ថកិច្ច​បាន​រក​ឃើញ​ផលិត​ផល​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​សរុប​ប្រហែលជា​៩​តោន ​និង​ បាន​បន្ត​យក​ទៅ​ពិសោធន៍ ​រក​មើល​សារធាតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ប្រើប្រាស់ ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​។ បន្ទាប់ពីធ្វើការបង្ក្រាប​ ទីតាំង​ខាង​លើ​ត្រូវ​បាន​បិទទ្វា ​បញ្ឈប់​ឱ្យដំណើរ​ការ​ជាបណ្តោះ​អាសន្ន​ផង​ដែរ​ ៕ ឧត្តម

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច