តោះ ! ស្តាប់​ផលិតកម្ម C2Go បង្អួត​ស្នាដៃ​ថ្មី​របស់ខ្លួន​បន្តិច​មើល ?

​ថ្វីត្បិតតែ​ទស្សនិកជន​មិនសូវ​ស្គាល់​ផលិតកម្ម C2Go ប៉ុន្តែ​ថ្មីៗ​នេះ​ផលិត​កម្មនេះ​បានបង្ហាញ​ស្នាដៃ​ថ្មី​របស់ខ្លួន​ជាមួយ និង​បទ​ចម្រៀង​ជាច្រើន​បទ ក៏ដូចជា​ការថត​ភាពយន្ត​ជាដើម ជាក់ស្តែង​តាមរយៈ​រឿង «ខ្មោច​ស៊ីឈ្នួល» និង​រឿង «កំពូល​ចុងភៅ​ពិសេស» ដែល​ត្រៀម​នឹងដាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​ខាងមុខ កាន់តែ​ធ្វើឱ្យ​ទស្សនិកជន​ជកចិត្ត​ដិត​អារម្មណ៍​ជាក់​ជាមិនខាន ។​

​ផលិតកម្ម C2Go គឺជា​ផលិតកម្ម​ថ្មី​មួយ​របស់លោក Aten ជានិច្ច និង​ ជា​ម្ចាស់​អង្គការ «ខ្ញុំ​ខ្មែរ» ដែល​នៅ​ប្រទេស អូស្ត្រាលី ទើបតែ​បើក​ដំណើរការ​ក្នុង​រយៈពេល​ខ្លី​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ម្ចាស់​ផលិត​កម្មនេះបែរជា​ខ្លាំងមាន​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​នៅក្នុង​ដៃ​ដើម្បី​បង្ហាញ​ទស្សនិកជន ជាពិសេស​ខាង​ផលិតកម្ម​របស់លោកបាន​ផលិត​រឿង​ចំនួន ២ រឿង​មកហើយ ចំណែក​បទ​ចម្រៀង Original Song វិញ​គឺ​ផលិត​បាន​ប្រមាណ​ជាង ៦០ បទ ។

​ម្ចាស់​ផលិតកម្ម​ខាងលើ​ថែមទាំង​សង្ឃឹមថា ស្នាដៃ​ថ្មី​របស់ខ្លួនមិន​ថា​ចម្រៀង ឬ ​ភាពយន្ត​នោះទេ នឹងមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជាក់​ជាមិនខាន ។

​ទោះបីជា​មានការ​ជឿជាក់​យ៉ាងនេះ​ក្តី​នៅ​ពុំទាន់​ដឹងថា ស្នាដៃ​ថ្មី​របស់​ផលិតកម្ម C2Go នឹង​ល្អ​ដល់កម្រិតណា​នោះទេ គឺ​មានតែ​រងចាំ​មើល​ទាំងអស់គ្នា​ប៉ុណ្ណោះ ។ សម្រាប់​ក្នុង​ពេលនេះ​ខាង​ផលិតកម្ម កំពុងតែ​រៀបចំ​តារាចម្រៀង​នៅក្នុង​ក្រុម​របស់ខ្លួន​ឱ្យបាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ដូចជា ប្រទេសថៃ កូរ៉េ និង អូស្ត្រាលី ជាមុនសិន ដល់ពេល​ដល់​ថ្ងៃ​ដែល​ផលិត​កម្មនេះ​ប្រកាស​បើក​ជា​សាធារណៈ ទស្សនិកជន​នឹង​បាន​ស្គាល់ ​និង ​បានឃើញ​ពី​សមាសភាព​ពិត​របស់​តារាៗ​ទាំងឡាយ ។​

​លោក Aten ជានិច្ច បាន​បន្ថែមទៀតថា ដោយ​សម្អាង​លើ​អង្គការ «ខ្ញុំ​ខ្មែរ» លោក​មិន​ខ្លាច​នៅក្នុង​ការរក​ទីផ្សារ​នោះទេ ពីព្រោះ​ខាង​លោក​មានលទ្ធភាព​នាំ​តារាចម្រៀង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ។ មកទល់ពេលនេះ​តារាចម្រៀង​សម្រាប់​ផលិតកម្ម​របស់លោក​ដែល​បាន​ចុះ​កុងត្រា សុ​រប​មាន​ចំនួន ១២ រូប​ហើយ តែ​ជំហាន​ដំបូង​លោក​បានឱ្យ​ម្នាក់ៗ​ចេញ​បទ​ចម្រៀង​ចំនួន ៤ បទ​សិន ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច