ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានមនុស្សប្រមាណជា ៣ លាននាក់មកចូលរួម

ជាមួយគ្នានឹងភាពសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការប៉ាន់ប្រមាណថា នឹងមានមនុស្សប្រមាណជា ៣លាននាក់ មកលេងទីក្រុងភ្នំពេញ ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏មានការព្រួយបារម្ភ អំពីបញ្ហាការចោលសំរាមមិនមានសណ្តាប់ធ្នាប់ផងដែរ ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកលេងក្នុងព្រះរាជពិធីនេះ សូមកុំបោះសំរាមចោលនៅតាមដងផ្លូវ និង លើសួនច្បារ ដោយពុំមានសណ្តាប់ធ្នាប់អី សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នា ។ ហើយក្រុមការងារសាលារាជធានីភ្នំពេញ បានរៀបចំកញ្ចេចំនួន ១០០០ និង ធុងសំរាមចំនួន ១០០០ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបោះសំរាមចូលក្នុងធុងទាំងនោះ ។


កាលពីពេលថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះរំពឹងថា នឹងមានមនុស្សប្រមាណជា ៣លាននាក់ចូលរួមសប្បាយរីករាយក្នុងពិធីនេះ ។ ហើយបញ្ហាសំខាន់បំផុតនោះគឺកិច្ចការពារសុវត្ថិភាព ​និង ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក្រុងនានា  ហើយក្រុមការងារក៏បានរៀបចំរួចរាល់ហើយដែរ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំបង្គន់អនាម័យ ចំនួន ៤៦៦បង្គន់ សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ព្រោះថា បងប្អូនមកលេងកម្សាន្ត និង ពិសាអាហារ ដូច្នេះបងប្អូនពិតជាត្រូវការបង្គន់អនាម័យជាចាំបាច់ ហើយដើម្បីកុំឱ្យពួកគាត់បត់ជើងផ្តេសផ្តាស់ ទាល់តែយើងមានកន្លែងសម្រាប់ទទួលពួកគាត់ផងដែរ ។ ជាមួយនឹងការ រៀបចំដាក់កញ្ចេចំនួន ១០០០ និង ធុងសំរាមចំនួន១០០០ ដើម្បីឱ្យបងប្អូនបោះសំរាមចូលនោះ យើងក៏មានកម្មករប្រមូលសំរាមចំនួន ៦៧០នាក់ ដើម្បីរៀបចំប្រមូលសំរាមក្នុងពិធីបុណ្យនេះ ជារៀងរាល់ថ្ងៃ​ផងដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏យើងមិនសង្ឃឹមថា បានជោគជ័យ១០០ភាគរយដែរ នៅពេលដែលគ្មានការចូលរួមពីសំណាក់អ្នកមកចូលរួមក្នុងពិធីបុណ្យអុំទូកនេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យនេះ សូមមេត្តាចូលរួមថែរក្សាបរិស្ថាន និង អនាម័យទាំងអស់គ្នា ទើបទៅរួច ។

បើយោងតាមតួលេខ ដែលទទួលបានពីគណៈកម្មការផ្គូផ្គងទូក(ង)បានឱ្យដឹងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាឆ្នាំ ២០១៧នេះ ទូក(ង)ដែលមកចូលរួមប្រកួត មានចំនួន ២៧០ ទូក ក្នុងនោះទូកអុំផ្នែកបុរស មានចំនួន ១៦២ ទូក និង ទូកអុំផ្នែកនារី មាន ១ ទូក ។ ដោយឡែកសម្រាប់ទូកចែវវិញ គឺទូកចែវផ្នែកបុរសមានចំនួន ២៦ទូក និង ទូកចែវផ្នែកនារីមានចំនួន ២ទូក ។ សម្រាប់ទូកខ្នាតអន្តរជាតិវិញគឺទូកអុំផ្នែកបុរសមានចំនួន ៧៦ទូក និង ផ្នែកនារីមានចំនួន ២ ទូក ។

ដោយឡែកសម្រាប់កម្លាំង អុំ និង ចែវទូកសរុបមានចំនួន ១៧ ៨២៦នាក់ ក្នុងនោះបុរសមានចំនួន ១៤២១៥ នាក់ និង នារី ចំនួន ២២០នាក់ ។ កម្លាំងត្រៀមផ្នែកបុរសមានចំនួន ៣៣២២នាក់ និង ផ្នែកនារី ចំនួន ៦៩ នាក់ ។ ហើយសម្រាប់ចម្ងាយនៃការប្រណាំងវិញ គឺពីកងព័ន្ធចេញដំណើរ មកដល់ទីផ្តាច់ព្រ័ត្រមានប្រវែង ១៧០០ម៉ែត្រ ។ ចំនួនទូក(ង)ដែលនឹងចូលរួមប្រកួត នាឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលមានតែ ២៥៧ទូក តែប៉ុណ្ណោះ ៕ ចំណូល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច