ពេជ្រ ចរណៃ ចេញពីពេទ្យមែន តែគ្រូពេទ្យព្រមានថា ត្រូវវះកាត់ជាបន្ទាន់

​សភាព​តារា​សម្តែង ពេជ្រ ចរណៃ បាន​ធូរស្រាល​បន្តិច ហើយពេទ្យ​បានឱ្យ​នាង​ចេញពី​មន្ទីរពេទ្យ ជោ​រី ហើយ ប៉ុន្តែ​មុនពេល​ចាកចេញ ពេទ្យ​បាន​ប្រាប់​ទៅ ពេជ្រ ចរណៃ ថា​ត្រូវ​វះកាត់​ជាបន្ទាន់ ។ ពេលនេះនាងកំពុងប្រឈមនិងការខ្វះខាតថវិកាដើម្បីយកមកមើលជំងឺរបស់ខ្លួន ។

​ដោយសារ​ជំងឺ​របស់ ពេជ្រ ចរណៃ មាន​សភាព​ធ្ងន់ធ្ងរ ដល់​ថ្នាក់​រហែក​សរសៃ​ប្រើស​បេះដូង ទើប​អ្នកជំនាញ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ​ប្រកាសថា​ពិបាក​នៅក្នុង​ការ​ព្យា​យ​បាល ដូច្នេះហើយ​ទើប​នាង​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ត្រៀមខ្លួន​ដើម្បី​ចេញទៅ​ព្យាបាល​នៅ​ប្រទេសថៃ ។

​ស្របពេលត្រៀមខ្លួន​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស បានធ្វើឱ្យ ពេជ្រ ចរណៃ មានការ​ពិបាកចិត្ត​យ៉ាងខ្លាំង ពី​ព្រោះ តែ​ខ្វះខាត​ថវិកា ប៉ុន្តែ​ថ្មីៗ​នេះ ក្រោយពី​មានការ​ប្រកាស​ជួយ​គ្នា​ទៅវិញទៅមក គ្រួសារ​តារា​កម្ពុជា បាន​ប្រមែប្រមូល​ថវិកាខ្លះៗ​ដែល​បាន​ពី​ក្រុម​របស់ខ្លួន​ដែលជា​សិល្បៈ​ដូចគ្នាជូន​ដល់ ពេជ្រ ចរណៃ ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ដោយ សារ​ជំ​ងឺ​ប្រហោង​បេះដូង​តាំងពី​អាយុ ៧ ឆ្នាំ ។

​ទោះបីជា​ថវិកា​ទាំងនោះ​មាន​ត្រឹមតែ​ជាង ៧៤០ ដុល្លារ តែ​ជា​សណ្តាន​ចិត្ត​មិត្តភក្តិ​ក្នុង​ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន សម្រាប់​ថវិកាដែល​គ្រោង​នឹង​ចេញទៅ​បន្តការព្យាបាល​នៅ​ប្រទេសថៃ នៅ​ពុំទាន់​មាន​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​មាន​សប្បុរសជន​មួយរូប​បានចេញ​មុខ​​ជួយ​រក​ជំនួយ​ដល់​នាង​តាម​ក្រោយ សំខាន់​ឱ្យ​ពេលនេះ​នាង​ទៅដល់​ពេទ្យ​ជំនាញ និង​បាន​រស់រានមានជីវិត​ក្នុងពេល​ជំងឺ​ឈានដល់​ដំណាក់កាល​ចុងក្រោយ ។

​គួរបញ្ជាក់​ផងដែរ​ថា ពេជ្រ ចរណៃ កំពុង​ជួប​នូវ​ការលំបាក​ជាច្រើន សូម្បីតែ​ផ្ទះ​ក៏​ជួល​គេ​នៅ​ដែរ ពេលនេះ​នាង​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ​ទៀត ក្រុមគ្រួសារ​របស់​នាង​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ពីព្រោះ​កន្លងមក​រាល់​ការចំណាយ​នៅក្នុង​គ្រួសារ​គឺ​នាង​ជា​អ្នក​រាប់​រង​ទាំងអស់ ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច