ក្រុមអភិរក្សរកឃើញសំបុកត្រដក់តូចដ៏កម្រចំនួន ១២១ សំបុក នៅតំបន់ខ្ពង់រាបភាគខាងជើង

​នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​ ២០១៧ នេះ ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បានបង្ហាញ នៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេសប៊ុក​ថា ក្រុម​អ្នកស្រាវជ្រាវ​នៃ ក្រសួងបរិស្ថាន អង្គការ សមាគម​អភិរក្ស​សត្វព្រៃ WCS និង ប្រជាសហគមន៍ បាន​រកឃើញ​សំបុក​ពង​កូន​សត្វ​ត្រដក់តូច ​ដែលជា​ប្រភេទ ងាយ​រង​គ្រោះជា​សាកល ចំនួន ១២១ សំបុក​ នៅក្នុង​ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម​ទេព និង ដែនជម្រកសត្វព្រៃ​ឆែប​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាង ជើង​ប្រទេស​កម្ពុជា សម្រាប់​រដូវ​ការពង​កូន​ឆ្នាំនេះ ​។

តាមរយៈ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប អង្គការ WCS បាន​ជួល​ប្រជា​សហគមន៍ ចំនួន ១០ ក្រុម​ឱ្យយាម​សំបុក​ត្រដក់​តូច​ទាំងអស់នោះ រហូតដល់​ពេល​កូន​វា​ញាស់ និង​ ហើរ​ចេញ ពី​សំបុក​ ។ កម្មវិធី​នេះ ធានាថា ​សំបុក​ពង​កូន​សត្វ​ស្លាប ប្រភេទ​រងគ្រោះ​ជា​សាកល​ត្រូវបានការពារ​ពី​អ្នក​ប្រ​ម៉ាញ់ ការ​ប្រមូលយកពង​កូន និង​ ការរំខាន​ជាដើម ។​​ ​ត្រដក់​តូច គឺជា​សត្វ​ស្លាបមាន​មាឌធំ មាន​កម្ពស់​រហូតដល់ទៅ ១៣០ ​សង់ទីម៉ែត្រ ហើយស្លាប​របស់​វាពី​ម្ខាង​ទៅ​ម្ខាង​ទៀត​មាន​ប្រវែង​ជាង ​២​ម៉ែត្រ​។ ទោះបីជា ចំនួន​របស់​វា​នៅលើ សាកលលោក​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ​មាន​ជាង ១០ ០០០ ​ក្បាលក្តី ប៉ុន្តែ​តួលេខ​នេះ ​កំពុង តែ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី ​។ ដូច្នេះហើយ ​វា​ត្រូវបាន​គេ​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ ជា​សាកល​នៅក្នុងបញ្ជី​ក្រហម​របស់​អង្គការ IUCN ។​

លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេពនៃ​ក្រសួងបរិស្ថាន និង ​អង្គការ​ WCS បានឱ្យ​ថា លោក​អរគុណ​ដល់​ម្ចាស់ជំនួយ​ដូចជា មជ្ឈមណ្ឌល សំវាសនា Margaret A. Cargill Philanthropies និង សហភាព​អឺរ៉ុប គិត​ចាប់ តាំងពីដើម​ខែតុលា​មក ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​សំបុក​ត្រដក់​តូច​ចំនួន ១២១ សំបុក​នៅ​​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។ សំបុក​ត្រដក់​តូច​ចំនួន ៦៥ មាន​ទីតាំង​នៅក្នុង ដែន ជម្រក​សត្វព្រៃ​ឆែប និង ៥៦​សំបុក​ស្ថិតក្នុង​ដែន ជម្រក​សត្វព្រៃ គូលែន ព្រហ្ម​ទេព ។​

ក្រុម​អ្នកស្រាវជ្រាវ នៅតែ​បន្ត​ស្វែងរក​សំបុក​ត្រដក់​តូច និង កំពុងធ្វើការ​រួមគ្នា​ជាមួយ​សមាជិក​សហគមន៍​ ដើម្បី​ការពារ​សំបុក និង ទីតាំង​ពង​កូន​របស់ពួកវា ។ ត្រដក់​តូច ចូលចិត្ត​ធ្វើ​សំបុក ពងកូន​នៅលើ​ដើមឈើ​ខ្ពស់ ​ដែលជា​ប្រភេទ ព្រៃ​ល្បោះ ព្រៃ​ពាក់កណ្តាល​ស្រោង និង ព្រៃស្រោង ​។ តំបន់​ខ្ពង់រាប​ភាគ ខាងជើង​ប្រទេស​កម្ពុជា​ក្នុង ខេត្តព្រះវិហារ គឺជា​ទីជម្រក​ដ៏​សំខាន់ បំផុត មួយ​សម្រាប់​ហ្វូង​សត្វ​ត្រដក់​តូចនេះ ​ ។

លោក សុង ច័ន្ទ​សុជាតិ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បានឱ្យដឹង​ដែរ​ថា ត្រដក់ តូច គឺជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​ ។  ការការពារ​ទីជម្រក​ពង​កូន​របស់​ពួកវា ពិតជា​ចាំបាច់​ខ្លាំងណាស់​ដើម្បី ធានា​ដល់​ការ រស់រាន​នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ​។ តំបន់ខ្ពង់រាប​ភាគខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ គឺជា​ទីជម្រក​ពង​កូន​សំខាន់ជាងគេ បង្អស់​ទី ២ នៅ​កម្ពុជា បន្ទាប់ពី​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ខេត្តបាត់ដំបង ។​

តាមរយៈ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប ​ដូចជា​សត្វ​ត្រដក់​នេះ ​ប្រជា​សហគមន៍​ ដែលធ្លាប់ តែ​ប្រមូលយក​ពង​សត្វ​មក​ធ្វើជា​ចំណីអាហារ ឥឡូវនេះ​បាន​ងាក​មក​ថែរក្សា និង ​ការពារ សត្វ​ស្លាប​ទាំងអស់នោះ​វិញ ។ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ទទួល ​បានការ គាំទ្រ​ពី​សួនសត្វ Akron, មជ្ឈមណ្ឌល សំវាសនា​, សហភាព​អឺរ៉ុប​, Agence Française de Développement និង Margaret A. Cargill Philanthropies ៕ សុថា​ត់

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច