សម្រាលកូនដោយវះកាត់ អាចបង្ការការចម្លងមេរោគបាក់តេរីមួយចំនួនដល់ទារក

ទារក​ដែល​សម្រាល​តាមបែប​ធម្ម​ជាតិ ត្រូវបាន​គេ​សិក្សា​ឱ្យដឹងថា អាច​ងាយ​ទទួលរង​ឆ្លង​បាក់តេរី​ជាង​ទារក​ដែល​កើត​តាម​ការវះកាត់ ។ ភាគច្រើន​នៃ​ការឆ្លង ​គឺ​ច្រើន​ឆ្លង​មេរោគ​ដែលមាន​នៅតាម​ផ្លូវភេទ​របស់​ម្តាយ ។ ​ដោយឡែក​គ្រូពេទ្យ​មួយចំនួន​តែងតែ​ជ្រើសរើស​វិធី​យក​សារធាតុ​រាវ​ដែល​ហៀរ​ចេញពី​ទ្វារមាស​របស់​ម្តាយ ទៅ​ជូត​សម្អាត​ទារក​ទៅវិញ ដោយ​គេ​យល់ថា​ វា​អាចជួយ​ឱ្យ​ទារក​មាន​សុខភាព​រឹងមាំ ហើយ​ស៊ាំ​នឹង​មជ្ឈដ្ឋាន​ខាងក្រៅ​បន្ទាប់ពី​កើត ។ តើ​វិធី​នេះ​មាន​សុវត្ថិភាព​ដែរ ឬទេ​?

​តាម​ការសិក្សា​មួយ​បានឱ្យដឹងថា​ ការអនុវត្ត​បែបនេះ​កំពុង​ពេញនិយម​ខ្លាំង និង អនុវត្ត​ជា​យូរ​មកហើយ ដោយ​មិន​បានដឹង​ពី​អ​សុវត្ថិភាព​នោះទេ ។ ដោយឡែក​យោងតាម​ការស្រាវជ្រាវ​ពីមុនមក​ក៏បាន​បង្ហាញថា​ ការ​សម្រាលកូន​ដោយ​វិធី​វះកាត់ មាន​ជាប់ទាក់ទង​នឹង​ការឡើង​ទម្ងន់​ ជំងឺ​ធាត់​ ជំងឺហឺត​ និង បញ្ហា​ស៊ាំ​ជំងឺ​ផ្សេងៗ​ផងដែរ ។

​អ្នកនិពន្ធ​ឈ្មោះ Aubrey Cunnington អ្នកស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ Imperial College London បានឱ្យដឹងថា ការប្រើ​វិធី​លាង​សម្អាត​ទារក​ទើប​កើត​ដោយ​យក​សារធាតុ​វត្ថុ​រាវ​ចេញពី​ទ្វារមាស​របស់​ម្តាយ គឺ​គ្មាន​ហេតុផល​អ្វី​ល្អ​ឡើយ គឺ​មានតែ​បង្ករ​ផលប៉ះពាល់ ឆ្លង​មេរោគ និង បង្ករ​គ្រោះថ្នាក់​ដល់​ទារក​ទៅវិញ ។​

​អ្នកស្រី Cunnington បាន​បន្ថែមថា ពិតណាស់​ការប្រើ​វិធី​នេះ នឹង​ចម្លង​មេរោគ​បាក់តេរី​ផ្សេងៗ​ទៅ​ទារក និង ជំងឺ​មួយចំនួន​ដូចជា​ជំងឺ B streptococcus (​ដែលជា​មូលហេតុ​ទូទៅ​បណ្តាលឱ្យ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​) ជំងឺ​រលាក​ទងសួត ជំងឺ​ប្រមេះ និង ជំងឺ​កាមរោគ​ផ្សេងៗ ។​

​យោងតាម​ការសិក្សា​ដែល​បានចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ​នៅក្នុង​ទស្សនា​វ​ដ្តី Nature Medicine និង បានធ្វើ​តេស្ត​នៅក្នុង​មន្ទីរពិសោធន៍​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត គឺ​គេ​បាន​យក​សារធាតុ​រាវ​ពី​ទ្វារមាស​របស់​ម្តាយ​ទៅធ្វើ​តេស្ត និង រកឃើញថា វា​ពិតជា​អាច​ប្រឈម​ដល់​ទារក​ឆ្លង​មេរោគ​បាក់តេរី​ច្រើន​ពិតមែន ។ ដូច្នេះ​គ្រូពេទ្យ​មួយចំនួន​គួរ​យកចិត្តទុកដាក់ ហើយ​ស្ត្រី​ជា​ម្តាយ​ក៏​គួរឈ្វេងយល់​ពី​ចំណុច​នេះ ត្រូវ​ចេះ​ថែរក្សា និង ព្យាបាល​សុខភាព​ឱ្យបាន​ល្អ នៅ​មុនពេល​សម្រាក​កូន ដើម្បី​បង្ការ​ការចម្លង​បាក់តេរី​ទៅ​ទារ​កដោយ​ប្រការ​ណាមួយ ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច