សកម្មជនកាន់តែភ័យខ្លាចក្នុងចំណាត់ការបង្រ្កាបរបស់លោក Xi ក្នុងយុគសម័យថ្មី

លោក ស៊ី ​ជីន​ពីង ប្រធានាធិបតី​ចិន ត្រូវបាន​សង្គម​ស៊ីវិល​រិះគន់​កាន់តែខ្លាំង​ឡើងៗ​ចាប់តាំងពី​លោក​ឡើងកាន់តំណែង​កាលពី​ឆ្នាំ ២០១២ មក ព្រោះ​លោក​បានដាក់​សំពាធ​កាន់តែខ្លាំង​ទៅលើសកម្មជន មេធាវី​ផ្នែក​សិទ្ធិមនុស្ស គ្រូបង្រៀន តារា​ល្បីៗ និង អ្នកសរសេរ​ប្លុក​មួយចំនួន ។

​នៅក្នុង​សុន្ទរកថា​ថ្មីៗ​របស់លោក​ក្នុង​សមាជ​បក្ស​កុំម្មុយនិស្ត ដែល​តែង​ធ្វើឡើង ២ ដង ក្នុង​មួយ​ទសវត្ស លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា នឹង​គ្មាន​ការបន្ធូរបន្ថយ​ការគ្រប់គ្រង​កិច្ចការ​របស់​ប្រទេស​ឡើយ​ក្នុង​យុគសម័យ​ថ្មី​នេះ គឺ​លោក​បាន​រៀប​គម្រោង​ទៅមុខ​រួច​អស់​ហើយនឹង​ប្រែក្លាយ​ប្រទេស​ចិន​ឱ្យទៅជា​ប្រទេស​មហាអំណាច​ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០៥០ ។

​លោក​បាន​ព្រមាន​ឱ្យដឹងថា ភាព​តានតឹង និង បញ្ហា​សង្គម ត្រូវតែ​ដោះស្រាយ​តាមរយៈ​ការពង្រឹង អភិបាលកិច្ច​ឱ្យ​សមស្រប​តាមច្បាប់ ហើយ​លោក​ក៏បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ទៅនឹង​ការគាំទ្រ​ឯករាជ្យភាព​ណាមួយ ចំពោះ​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង និង បាន​ព្រមាន​ដល់​ការគ្រប់គ្រង​នៃ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​ ផងដែរ​ ។

​លោក Xi បាន​និយាយថា យើង​នឹងមិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ អង្គការ​ណាមួយ ​ឬ​គណបក្សនយោបាយ​ណាមួយ​បែងចែក​ទឹកដី​ទាំងអស់​របស់​ចិន​នោះឡើយ ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ជាច្រើន​លើ​ការគ្រប់គ្រង​អ៊ី​ន​ធឺរ​ណេ​ត និង វិធានការ​ជាច្រើន​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ក្នុងសង្គម ។

​គួរ​រំលឹក​ដែរ​ថា សកម្មជន​មួយចំនួនដែល​ធា្ល​ប់​និយាយ​មិន​សំចៃមាត់ និង ជា​សកម្មជន​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ បុគ្គលិក​អង្គការ​ខ្លះ​ក៏ត្រូវ​ធ្លាប់​ចាប់ខ្លួន និង កាត់ទោស​ផងដែរ​ពីបទ​ធ្វើឱ្យ​ល្អក់កករ​ដល់​ដែន​អំណាច​គ្រប់គ្រង​របស់​ប្រទេស​ចិន ។

​យោងទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ដែល​បានអនុម័ត​ថ្មី គឹ​ថា​ប៉ូលីស​មាន​សិទ្ធិ​តាម​ចាប់​អ្នក​ហ៊ាន​រិះគន់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បាន ដូច្នេះ​វា​នឹងមាន​ការបង្ក្រាប​បន្ថែម ការ​តាម​ចាប់ខ្លួន និង ការឃ្លាំមើល​ផ្សេងៗ​ជាច្រើន​នៅក្នុង​ប្រទេស នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​ម្នាក់បាន​ប្រាប់​សារព័ត៌មាន AFP ។​

​គួរ​បញ្ជាក់ដែរថា ក្រុម​មេធាវី​ការពារ​សិទ្ធិមនុស្ស និង សកម្មជន​សិទ្ធិមនុស្ស​ជាង ២០០ នាក់ ត្រូវបាន​គេ​ឃុំខ្លួន និង សួរចម្លើយ នៅ​ក្នុងការ​បោសសម្អាត​ដោយ​ប៉ូលិស​មួយ​កាលពី​ឆ្នាំ ២០១៥ ដែល​ក្រុម​សិទ្ធិមនុស្ស​បាន​ហៅ​ចំណាត់ការ​នេះ​ថា ជា​រឿង​មួយ​ដែល​មិន​ធ្លាប់​កើតមាន​នៅទេ​ពីមុនមក ៕ សុផល (​ប្រភព​៖ AFP)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច