កុមារទទួលកម្រិតវីតាមីន D ខ្ពស់ជួយកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម

កុមារ​ដែល​ទទួលបាន​កម្រិត​វីតាមីន D ខ្ពស់ តាំងពី​កើត​រហូតដល់​វ័យ​កុមារ អាចជួយ​កាត់បន្ថយ​អត្រា​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ បាន នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​បានឱ្យដឹង ។​ ​គួរបញ្ជាក់​ថា ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​កំពុងតែ​កើនឡើង​ពី ៣ ទៅ ៥ ភាគរយ​ក្នុង​មួយឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក ។ វា​តែង​កើតមានឡើង​នៅពេល​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ទន់ខ្សោយ និង បំផ្លាញ​ដល់​ក្រពេញ​កោសិកា​ក្នុង​លំពែង ដែល​ធ្វើឱ្យ​អសមត្ថភាព​ដល់​ការផលិត​អាំង​សូ​លីន (insulin) នៅក្នុង​ខ្លួន ។​

​បើ​យោងតាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា វីតាមីន D គឺជា​សារធាតុ​មួយ​ជួយ​ការពារ​មិនឱ្យ​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ បាន ព្រោះ​វា​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​និង​រាង​កាយ​មាន​តុល្យភាព និង រឹងមាំ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​មាននូវ​ភាពចម្រូងចម្រាស​ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ​អំពី​វីតាមីន D ថា​តើ​វា​ពិតជា​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីកលូតលាស់ និង ការ​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ ពិត​ឬ​យ៉ាងណា​នោះ នេះ​បើ​យោងតាម​អ្នកដឹកនាំ​ការស្រាវជ្រាវ អ្នកស្រី Jill Norris មកពី​សាកលវិទ្យាល័យ Colorado University នៅ​សហរដ្ឋអាមេរិក ។

​​ការស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal Diabetes ដោយ​ក្រុមការងារ​បាន​សិក្សា​ទៅលើ​កុមារ​ចំនួន ៨៦៧៦ ដែល​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ ។ អ្នកសិក្សា​បាន​រកឃើញ​មាន​អត្រា​ភាពស៊ាំ​ក្នុង​កុមារ​ចំនួន ៣៧៦ នាក់​បាន​ធ្លាក់ចុះ​ច្រើន ក្រោយពេល​ផ្តល់​អាហារូបត្ថម្ភ​ដែលមាន​វីតាមីន D ច្រើន និង ធ្វើការ​ប្រៀបធៀប​ជាមួយ​កុមារ​ចំនួន ១០៤១ នាក់​ទៀត​ដែល​មិនមាន​ជំងឺ ។

​ក្នុងចំណោម​កុមារ​ដែលមាន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដោយ​កត្តា​ហ្សែ​ន​ដំណពូជ ហើយ​បើ​មាន​កម្រិត​វីតាមីន D ទាប ចាប់ពី​វ័យ​ទារក​រហូតដល់​វ័យ​កុមារ​នោះ ពិតជា​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ធ្លាក់ចុះ ហើយ​ងាយ​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​បំផុត​។ ប៉ុន្តែ​បើ​កុមារ​មាន​កម្រិត​វីតាមីន D នេះ​ខ្ពស់​វិញ​នោះ វា​នឹង​ជួយ​កាត់បន្ថយ​អត្រា​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​បាន ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច