ម៉ូតូកង់ ៣ របស់ Yamaha មានសមត្ថភាពខ្ពស់ នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៨ (មានវីដេអូ)

ក្រុមហ៊ុន Yamaha គ្រោង​នឹង​បង្ហាញ​ម៉ូតូ​កង់​បី​មួយ​មាន​ឈ្មោះថា Niken ដែលជា​ម៉ូតូ​មាន​គុណភាព​ខ្ពស់ ផ្តោតទៅលើ​មុខងារ​កីឡា ។ បើ​ពិនិត្យមើល​រូបរាង​ម៉ូតូ​នេះ វា​នឹង​ចាប់ផ្តើម​ការផលិត​សម្រាប់​ទីផ្សារ​យ៉ាងពិត​ប្រាកដ បើទោះជា​នៅ​មិនទាន់​ទទួល​ការបញ្ជាទិញ​យ៉ាងណាក្តី ។ តើ​អ្នក​អាចមាន​ទំនុកចិត្ត​ក្នុងការ​បើកបរម៉ូតូ​នេះដែរ​ឬទេ​?

​ម៉ូតូ​នេះ​មាន​កង់​ពីរ​បំពាក់​នៅខាងមុខ ហើយ​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ ក្រោយពេល​ធ្វើតេស្ត​ជិះ​សាកល្បង គឺ​ពិត​ជាមាន​អារម្មណ៍​ដូច​ទៅនឹង​ការ​ជិះ​ម៉ូតូ​ធម្មតា​ដូច្នោះ​ដែរ តែមាន​ភាពរលូន​ជាង ជឿជាក់​ជាង និង មិន​ពិបាក​ក្នុងការ​បត់បែន​នោះទេ ។

​គួរ​បញ្ជាក់ថា​គំនិត​នៃ​ការច្នៃ​បង្កើត​ម៉ូតូ​នេះ​មាន​តាំងពី ១០ ឆ្នាំមុន​ម្ល៉េះ ដែល​ទើបនឹង​ចាប់ផ្តើម​ផលិត​ចេញ​ជា​រូបរាង​ពិតប្រាកដ​ក្នុងឆ្នាំនេះ ដោយ​យកគំនិត​ច្នៃ​តាម​ម៉ូ​ឌែ​ល MWT-9 3-wheeler កាលពី​ឆ្នាំ ២០១៥ ។ ឥឡូវនេះត្រូវបាន​គេ​អភិវឌ្ឍ​ចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ ហើយ​គ្រោង​ផលិត​នៅ​ឆ្នាំ ២០១៨ ខាងមុខ ។

​ម៉ូតូ​នេះ​មាន​រូបរាង​ធំ​ទូលាយ ស្រដៀង​នឹង​ម៉ូតូ Triumph 675 ដូច្នោះ​ដែរ ។ វា​មានមុខ និង គូថ​ក្រោយ គួរឱ្យ​ទាក់ទាញ កង់​មុខ​មាន​ទំហំ ១៥ ​អ៊ីង ។ ​ចំពោះ​ព័ត៌មាន​លម្អិត​ពី​ម៉ូតូ​នេះ​នឹង​បង្ហាញ​នៅក្នុង​ពិ​ព័រ​ណ៍ EICMA នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ចំពោះ​តម្លៃ​គឺ​នៅ​មិនទាន់បាន​ប្រកាស​ឱ្យដឹង​នៅឡើយ ៕ សុផល​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច