កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ សម្រាប់កីឡាអូឡាំពិករដូវរងា

លោក Lee Hee-beom ប្រធាន​រៀបចំ​កីឡា​អូឡាំពិក​សម្រាប់​រដូវរ​ងា​ឆ្នាំ ២០១៨ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹងថា ការរៀបចំ និង សាងសង់​ផ្សេងៗ ដែល​ត្រៀម​សម្រាប់​កីឡា​អូឡាំពិក​ខាងមុខនេះ ត្រូវបាន​បញ្ចប់​រួចរាល់​អស់ហើយ ។​

​នៅក្នុង​ទីក្រុង Pyeongchang គឺជា​ទីក្រុង​ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ ។ គេ​សង្កេតឃើញ​ការងារ និង ហេដ្ឋារចនាសម្ព័ន្ធ កា​រៀបចំ​សណ្ឋាគារ និង ​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ត្រូវ​បានរៀបចំ​រួចរាល់​អស់ហើយ គឺ​តាំងពី ៣ ទៅ ៤ ឆ្នាំមុន​ម្ល៉េះ ដើម្បី​ធ្វើឱ្យ​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​មាន​ភាពរលូន ។

​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ លោក Lee បាន​ទៅ​ចូលរួម​នៅក្នុង​ទីក្រុង​បុរាណ​អូឡាំពិក ដើម្បី​ចូលរួម​ដុត​បំភ្លឺ​ភ្លើង​គប់​ដែល​នឹង​ចាប់ផ្តើម​រាប់​ថយក្រោយ​រហូតភ្លើង​គប់​នេះ​នឹងធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ស៊េ​អ៊ូ​ល​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ។​

​ហេដ្ឋារចនាសម្ព័ន្ធ​រួមទាំង​ផ្លូវដែក​ល្បឿន​លឿន ភ្ជាប់​ពី​ទីក្រុង Pyeongchang ជាមួយ​ព្រលានយន្តហោះ Incheon និង ផ្លូវ​ហាយវ៉េ​ត្រូវបាន​រៀបចំ​រួចរាល់​អស់ហើយ ។ អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ក៏​កំពុង​ខិតខំ​លក់​សំបុត្រ​ផងដែរ ។ មកទល់ពេលនេះ​លក់​បានតែ ១ ភាគ ៣ តែប៉ុណ្ណោះ ។

​ការប្រកួត​កីឡា​រដូវរងា​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៩ ដល់​ថ្ងៃទី ២៥ ខែកុម្ភៈ​ឆ្នាំ ២០១៨ ដែលជា​ព្រឹត្តិការណ៍​កីឡា​លើកទីមួយ​ហើយ រៀបចំឡើង​នៅក្នុង​តំបន់​អាស៊ី​ក្រៅពី​ប្រទេស​ជប៉ុន និង ជា​ព្រឹ​ត្ត​ការណ៍​កីឡា​អូឡាំពិក​ចំនួន ៣ ជាប់ៗ​គ្នា នៅក្នុង​តំបន់​អាស៊ី ដែល​នឹងត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​គឺ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន នៅ​ឆ្នាំ ២០២០ សម្រាប់​កីឡា​រដូវក្តៅ និង នៅ​ទីក្រុង​ប៉េកាំង​ក្នុង​រដូវរងា ក្នុង​ឆ្នាំ ២០២២ ។

​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រដូវរងា​ដ៏​ធំ ត្រូវបាន​រៀបចំឡើង​នៅ​ចំពេល​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ដ៏​តានតឹង ដោយ​កូរ៉េខាងជើង​កំពុងធ្វើការ​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​សមត្ថភាព​វាយប្រហារ​ដល់​ទឹកដី​សហរដ្ឋអាមេរិក និង មិនបាន​អើពើ​នឹង​ការដាក់ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​អ្វី​នោះឡើយ​៕ សុផល (​ប្រភព​៖ REUTERS)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច