មិត្តស្រីរបស់តួសម្តែងរឿង «Harry Porter» បារម្ភពីសុខភាពរបស់មិត្តប្រុស

កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​ហូលីវូដ​ដ៏​ល្បីឈ្មោះ Daniel Radcliffe ឬគេស្គាល់​ថា Harry Porter បាន​សារភាព​ប្រាប់ថា ខ្លួន​កំពុងតែ​ស្រក​ទម្ងន់​ខ្លាំង ហើយ​រឿងនេះ​ធ្វើឱ្យ​មិត្តស្រី​លោក នាង Erin Darke បារម្ភ​ពី​សុខភាព​លោក​ណាស់ ។​ ​តារា​សម្តែង​វ័យ ២៨ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ដឹងថា បរិភោគ​តែ​ទ្រូង​មាន់ និង សាច់​ត្រី​ជាង ២ សប្តាហ៍​ហើយ ដើម្បី​សម្រក​ទម្ងន់​សម្រាប់​រឿង​ថ្មី​លោក ហើយ​ការ​ពុំ​សូវ​បរិភោគ​នេះ ពេលខ្លះ​ក៏​ធ្វើឱ្យ​សុខភាព​លោក​ចុះខ្សោយ ដែល​ធ្វើឱ្យ​មិត្តស្រី​លោក​បារម្ភ​ពី​លោក​យ៉ាងខ្លាំង ។

រឿង​ថ្មី​នេះ​គឺ​លោក Radcliffe នឹង​សម្តែង​ជា​តួ​ផ្សងព្រេង​អ៊ីស្រាអែល «Yossi Ghinsberg» ហើយ​វា​បាន​ផលិតឡើង​តាម​ខ្សែជីវិត​របស់លោក Yossi ដូចជា​លោក​ត្រូវ​រស់នៅ​ក្នុងព្រៃ​ជ្រៅ​បី​សប្តាហ៍​តែម្នាក់ឯង ។ លោក Radcliffe បានបញ្ជាក់​ទៀតថា លោក​បាន​ស្រក​ទម្ងន់​ជាង ៦ គីឡូក្រាម​តាំងពី​ចាប់ផ្តើម​ថត​មក ហើយ​លោក​សម្រេចចិត្ត​ធ្វើបែបនេះ ដើម្បីឱ្យ​ការសម្តែង​របស់លោក​ស៊ី​នឹង​តួអង្គ​ក្នុង​រឿង ។

លោក​បាន​និយាយ​បន្ថែមទៀតថា ការធ្វើ​បែបនេះ​មិនល្អ​សម្រាប់​សុខភាព​ទេ ហើយ​សូម​មហាជន​កុំ​ធ្វើ​ដូច​លោក ព្រោះ​លោក​ធ្វើ​យ៉ាងនេះ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ពេលនេះ​វា​មិន​អី​មែន តែ​លោក​នឹង​ត្រៀម​បរិភោគ​ឱ្យបាន​ច្រើន​វិញ ដើម្បីឱ្យ​រាងកាយ​មាន​ថាមពល​ដូចដើម​វិញ ។​

​គួរ​បញ្ជាក់ដែរថា លោក Radcliffe និង មិត្តស្រី​បាន​ទាក់ទង​ស្នេហា​គ្នា​ជាង ៤ ឆ្នាំ​មកហើយ ដោយ​ពួកគេ​បាន​ជួបគ្នា​ដំបូង​នៅក្នុង​រឿង Kill Your Darling នា​ឆ្នាំ ២០១៣ ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច