ចង់ដឹងទេ កាតុ ស៊ីថ្លៃប៉ុន្មានបានជាហ៊ានថតឈុតខ្មោចទាំងនាងធ្លាប់ស្បថថា ឈប់ថតរឿងបែបនេះហើយ

​ចាប់តាំងពី​ប្រលូក​នៅក្នុង​សិល្បៈ​អ្នកនាង កា​តុ ធ្លាប់​ថត​រឿង​ជាច្រើន​មកហើយ ប៉ុន្តែ​សម្រាប់​រឿង​ខ្មោច អ្នកនាង​ធ្លាប់​ថត​បាន​ម្តងគត់រហូត​ធ្វើឱ្យ​នាង​ស្បថ​លែង​ហ៊ានថត​រឿង​បែប​នោះ​ទៀតហើយ ឡែក​ចុង​ក្រោយនេះ​ស្រាប់តែ​អ្នកនាង កា​តុ មាន​វត្តមាន​នៅក្នុង​រឿង «ម៉ា​ដាម​អាប» ដោយ​នាង​សម្តែង​ជា​តួ​ខ្មោច​ដើម​ចេកជ្វាទៅវិញ ។ មាន​លេចឮ​ព័ត៌មាន​ថា កា​តុ បាន​តម្លៃ​ខ្លួន​ខ្ពស់​ទើប​ហ៊ាន​ចូលរួម​ថត​រឿង​ខ្មោច ។​

​អ្នកនាង កា​តុ ទទួលស្គាល់​ផងដែរ​ថា អ្នកនាង​ធ្លាប់​និយាយថា ឈប់​ថត​រឿង​ខ្មោច​មែន ពីព្រោះ​ថត​រឿង​ខ្មោច​ជួប​នូវ​ការលំបាក​យ៉ាងច្រើន ជាពិសេស​ត្រូវ​ថត​តាំង​ពី​ព្រលប់​ទល់​ភ្លឺ និង ​ចុះ​ទៅតាម​ខេត្ត​ឆ្ងាយៗ​ទៀត ដោយឡែក​លើក​នេះ​នាង​ទទួល​ថត​រឿង «ម៉ា​ដាម​អាប» ឱ្យ​ផលិតកម្ម ក្លា​ស៊ិ​ក ដោយសារតែ​យល់ឃើញថា ម្ចាស់​ផលិតកម្ម​ គឺជា​មិត្តភក្តិ​នាង ដូច្នេះ​ក៏​សម្រេចចិត្ត​ថត​ទៅ ។ ចំណែក​រឿង​តម្លៃ​ខ្លួន​នោះ មិនបាន​ថ្លៃ​ណាស់ណា​នោះទេ គឺ​ធម្មតាៗ ព្រោះ​ធ្លាប់​ស្គាល់គ្នា ចេះតែ​ជួយ​គ្នា​ទៅ ។

​អ្នកនាង កា​តុ និយាយថា សម្តែង​នៅក្នុង​រឿង «ម៉ា​ដាម​អាប» គេ​តម្រូវឱ្យ​នាង​សម្តែង​ជា​តួអង្គ​ខ្មោច​ដើម​ចេកជ្វា ត្រូវ​វារ​ឡើង​ជញ្ជាំង និង ​ដើម​ចេក​ជាដើម​…(​សើច​) ម្តងនេះ​មិន​ថា​ម៉េច​ទេ ចេះតែ​ទទួល​ថត​ទៅ ! សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​នឹង​ជួយ​គាំទ្រ​ផង ។ ​នៅក្នុង​រដូវ​នេះ​អ្នកនាង កា​តុ កាន់តែ​មមាញឹក​នៅក្នុង​ការងារ​របស់ខ្លួន ពីព្រោះ​ត្រូវ​ចេញ​ច្រៀង​ការ​ជា​រៀងរាល់ថ្ងៃ ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន ណាមួយ​ត្រូវ​ថត​រឿង​ទៀត តែ​នាង​សប្បាយចិត្ត​ជាមួយ​ការងារ​ទាំងនោះ ព្រោះ​ជា​អាជីព​របស់ខ្លួន​ទៅហើយ ។​

​ថ្វីត្បិតតែ​មមាញឹក​នៅក្នុង​ការងារ តែ​អ្នកនាង កា​តុ កាន់តែ​ស្រស់ស្អាត​ឡើងៗ ជាពិសេស​រូបរាង​រប​ស់​នាង​កាន់តែ​ស្លី​ម​ស្អាត ​និង ​ក្មេង​គួរឱ្យ​ស្រឡាញ់​ទៀតផង ៕ អា​លី​ណា


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច