GMAC ស្នើសុំឱ្យអាមេរិកពិចារណា លើកលែងពន្ធលើផលិតផលស្បែកជើងពីកម្ពុជា

ក្រៅពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់​ ឧស្សាហកម្មផលិតស្បែកជើងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ហើយទីផ្សារដ៏សំខាន់ សម្រាប់នាំចេញផលិតផលស្បែកជើងពីប្រទេសកម្ពុជាគឺនៅសហគមន៍អឺរ៉ុប និង ទីផ្សារសហរដ្ឋអាមេរិកជាដើម ។ ដោយក្នុងមួយឆ្នាំៗប្រទេសកម្ពុជាបាននាំចេញផលិតផលស្បែកជើងទៅកាន់ទីផ្សារទាំងនោះមានទំហំទឹកប្រាក់ រាប់រយលានដុល្លារ ។ ដោយដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​គោល​នយោបាយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ប្រចាំឆ្នាំ​របស់​ខ្លួននោះ  ​សមាគម​រោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បាន​សម្រេច​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាលើកលែងពន្ធ នាំចូលផលិតផលស្បែកជើងពីប្រទេសកម្ពុជា ។

បើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​គោល​នយោបាយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ប្រចាំឆ្នាំ​របស់​ខ្លួន ដូច្នេះ​ហើយ​សមាគម ​ក៏​បាន​សម្រេច​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាលសហរដ្ឋអាមេរិក​ នា​ពេល​នេះ​ ។ ហើយសមាគម រោងចក្រកាត់ដេរនៅកម្ពុជាបាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​មួយ​ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សម្រួល​នូវ​ការ​រៀបចំ​លិខិត​គតិយុត្ត​ពាក់ព័ន្ធ​នានា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​សំណើ​នេះ ​។

បើ​យោង​តាម​ទិន្នន័យ​ ដែលទទួលបានពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC )បានឱ្យដឹងថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ស្បែក​ជើង ​ដោយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់ប្រមាណជា ៧០០ លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​ ។ ហើយថា ប្រទេសកម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​១២២ ផ្សេង​ទៀត​ ដែល​ទទួល​បានគោល​នយោបាយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP )ពីសហរដ្ឋ​អាមេរិក ដែល​ជា​ប្រព័ន្ធ​មួយ​អនុញ្ញាត​ឱ្យមាន​មុខ​ទំនិញ​ជាង​ ៥ ០០០មុខ​ អាច​នាំ​ចូល​ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិក​ ដោយ​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​ ។ ហើយបច្ចុប្បន្ននេះ សមាគម​រោងចក្រ​កាត់ដេរ​ ​មានសមាជិក​ចំនួន ៥៨៨រោងចក្រ ក្នុងនោះ​រោងចក្រ​ផលិត​ស្បែកជើង និង ​កាបូប​មាន​ចំនួន ៤៨៨រោងចក្រ ។ ហើយ រោងចក្រ​ផលិត​ស្បែកជើង​មានចំនួន ៥៧រោងចក្រ និង ​រោងចក្រ​ផលិត តែ​មិន​នាំចេញ​មាន​ចំនួន ៤៣រោងចក្រ ៕ ចំណូល

 

 

 

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច