ចំណូលលក់រថយន្តរបស់ក្រុមហ៊ុន Hyundai ធ្លាក់ចុះដោយសារភាពតានតឹងក្នុងតំបន់

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai Motor បានប្រកាស​ឱ្យដឹង​នូវ​ការធ្លាក់ចុះ​នៃ​ចំណូល​ពី​ការលក់​រថយន្ត​របស់​ខ្លួន​ចំនួន ១៦ ភាគរយ​នៅ​ត្រីមាស​ទី ៣ នេះ នៅ​ចំពេល​កំពុង​កើតមាន​វិបត្តិ​ការ ទូត​រវាង​កូរ៉េខាងត្បូង ​និង ​ទីក្រុង​ប៉េកាំង ទាក់ទង​នឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​ម៉ី​ស៊ី​លរបស់​អាមេរិក នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង ។

​ប្រាក់ចំណេញ​សុទ្ធ​ក្នុង​ខែកក្កដា​ ដល់ ​ខែកញ្ញា​ បាន​ធ្លាក់ចុះ ១៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុនប្រមាណ ៨៣៥ លាន​ដុល្លារ ។ ក្រុមហ៊ុន Hyundai រួមជាមួយ​និង​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ខ្លួន Kia ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំជាងគេ​ទី​ប្រាំ​ក្នុង​ពិភពលោក ។​

​ការធ្លាក់ចុះ​នូវ​ចំណូល​ការលក់​នៅក្នុង​ប្រទេស​ចិន​ដែលជា​ទីផ្សារ​រថយន្ត​ធំ​បំផុត​នៅលើ​ពិភពលោក​បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល គឺ​ត្រូវបាន​គេ​បន្ទោស​បណ្តាលមកពី​ការដាក់​ប្រព័ន្ធ​ការពារ​គ្រាប់​ម៉ី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង បើទោះជា​មានការ​ហាមឃាត់​ពី​ទីក្រុង​ប៉េកាំង​យ៉ាងណាក្តី ។

​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Hyundai ក្នុង​ត្រីមាស​ទី ៣ នេះលក់​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ចិន ប្រមាណ​ជា ២៦,៦ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ប៉ុន្តែ​វា​មាន​ចំ​នួ​ច​តិច​នៅឡើយ​បើ​ប្រៀបធៀប​ទៅ​រយៈពេល ៣ ខែ​មុន គឺ​ក្នុង​ត្រីមាស​ទី ២ ដែលមាន​ការធ្លាក់ចុះ ៦៤,២ ភាគរយ ។ ប៉ុន្តែ​ចំពោះ​ប្រភេទ​រថយន្ត​ដឹកទំនិញ មានការ​ធ្លាក់ចុះ​ខ្លះ​ដែរ ក្នុង​ចំនួន ៣៥ ភាគរយ ចាប់ពី​ខែកក្កដា ដល់ ខែកញ្ញា ហើយ​បើ​ប្រៀបធៀប​ទៅ​ត្រីមាស​ទី ២ វិញ មានការ​ធ្លាក់ចុះ​តែ ១៩,៨ ភាគរយ​តែប៉ុណ្ណោះ ។

​ក្រុមហ៊ុន Hyundai បាន​បន្ទោស​ការធ្លាក់ចុះ​ចំណូល​ពី​ការលក់​រថយន្ត គឺ​ដោយសារ​កត្តា​ផ្សេងជាជាង​ទៅលើ​ប្រជាប្រិយភាព ​និង​ ការពេញនិយម​នៃ​ម៉ូដ​រថយន្ត​របស់ខ្លួន និង ដោយសារ​នៅក្នុង​ប្រទេស​ចិន​មានការ​ប្រកួតប្រជែង​ខ្លាំង ។ ក្រុមហ៊ុន​ក៏បាន​ឱ្យដឹង​ដែរ​ថា ចំនួន​រថយន្ត​លក់​នៅ​ទូទាំង​ពិភពលោក ក៏មាន​ទំនោរ​ធ្លាក់ចុះ​ផងដែរ​គឺ ១,២ ភាគរយ នៅក្នុង​ត្រីមាស​ទី ៣ នេះ ។ ប៉ុន្តែ​ការលក់​បាន​កើនឡើង ៩,៦ ភាគរយ​ទៅលើ​កំណើន​តម្លៃ​រថយន្ត ៕ សុផល (​ប្រភព​៖ AFP)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច