បាត់បង់ជ័យលាភីបវរកញ្ញាឯក ព្រោះតែបដិសេធមិនព្រមវះកាត់ពង្រីកដើមទ្រូង

អតីត​បវរ​កញ្ញាឯក​ជនជាតិ​មី​យ៉ាន់​ម៉ា​ក្នុង​កម្មវិធី «Miss Asia Pacific World នាង May Myat Noe» ត្រូវបាន​ខាង​កម្មវិធី​ប្រកួតប្រជែង​នេះ បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​ការវះកាត់​ពង្រីក​ដើមទ្រូង និង ជ័យលាភី​របស់​នាង ក្រោយពី​នាង​ត្រូវគេ​ដឹងថា​ ជា​ម្ចាស់​ជ័យលាភី ។​

​យោងតាម​សារព័ត៌មាន Koreaboo ​បានឱ្យដឹងថា នាង May បានឈ្នះ​ជ័យលាភី​មួយ​នេះ ពេលដែល​កម្មវិធី​បវ​រ​កញ្ញាឯក​នេះ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ នា​ឆ្នាំ ២០១៤ ដែល​ពេលនោះនាង​ទើប​មាន​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ ។ យ៉ាងណាក្តី ក្រោយពី​ទទួលបាន​ជ័យលាភី​ជា​បវរ​កញ្ញាឯក នាង May ត្រូវបាន​ខាង​កម្មវិធី​តម្រូវឱ្យធ្វើ​ការវះកាត់​ព​ង្រី​ក​សុដន់​របស់​នាង ដោយ​ពួកគេ​ជា​អ្នកចំណាយ​រ៉ាប់រង​ទាំងអស់ តែ​នាង​បាន​បដិសេធ​ពុំ​ព្រម​ធ្វើតាម ។

ក្រោយពី​ទទួល​ការបដិសេធ​នេះ ខាង​កម្មវិធី​ក៏បាន​ទម្លាក់​នាង​ពី​កៅអី​បវរ​កញ្ញាឯក ហើយ​ថែមទាំង​ចោទ​នាង​ថា ​លួច យក​ម្កុដ​ក្នុង​កម្មវិធី​ដែលមាន​តម្លៃ​មួយ​សែន​ដុល្លារ​ទៀតផង ។ ចំពោះ​ការចោទប្រកាន់​នេះដែរ នាង​បាន​ឆ្លើយតប​វិញ​ថា នាង​គ្មាន​បំណង​រក្សា​ម្កុដ​នេះ​ទេ ប៉ុន្តែ​នាង​យក​វា​ទុក ព្រោះ​វា​ជា​អ្វីដែល​នាង​បានឈ្នះ ហើយ​នាង​ថែមទាំង​បានទាមទារ​កម្មវិធី​ឱ្យធ្វើ​ការសុំ​ទោស​នាង​ជា​សាធារណ​ដែល​ចោទប្រកាន់ថា ​នាង​ជា​ចោរ និង បង្ខំ​ឱ្យ​នាង​ទទួល​ការវះកាត់ បើ​មិន​ដូច្នោះ​ទេ នាង​នឹងមិន​ព្រម​ប្រគល់​ម្កុដ​នោះ​ឱ្យ​វិញ ។​

​តាំងពី​មានរឿង​រ៉ាវ​ដ៏​ធំ​នេះ​មក ត្បិត​ថា​នាង May លែងមាន​ឈ្មោះ​ជា​បវរ​កញ្ញាឯក តែ​នាង​ទទួលបាន​ការងារ​ហៅ​ថត​ស្ប៉ត​ម៉ូ​ដែលជា​ច្រើន​រួមទាំង​បាន​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​ល្បី New York Fashion Week ទៀត ជាពិសេស​នោះ កេ​រ្តិ៍ឈ្មោះ​នាង​បច្ចុប្បន្ន​កាន់តែ​ល្បី​ឡើងៗ ហើយ​នាង​បានធ្វើឱ្យ​បណ្តា​មហាជន​មី​យ៉ាន​ម៉ា​ជាច្រើន គោរព​ស្រឡាញ់​នាង​យ៉ាងខ្លាំង ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច