ពុទ្ធោសាហាវម្ល៉េះ រន្ទះបាញ់ផ្តាច់ជីវិតសត្វក្របីចំនួន ១១ ក្បាល

ថ្វីបើវាជាគ្រោះថ្នាក់កើតឡើង ដោយសារធម្មជាតិក៏ពិតមែន តែត្រូវបានអ្នកស្រុកភូមិនាំគ្នានិយាយថា ពិតជាសាហាវណាស់ ដែលរន្ទះបាញ់បានផ្តាច់ជីវិតសត្វក្របីម្តងចំនួន ១១ ក្បាលបែបនេះ ។

ករណីគ្រោះថ្នាក់ដោយធម្មជាតិ ដែលរន្ទះបានបាញ់សត្វក្របីងាប់អស់ចំនួនដល់ទៅ ១១ ក្បាលនេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចដីស្រែប្រាំង ផ្លូវចូលព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ម្ចាស់សត្វក្របីបានត្រឹមតែសម្តែងការសោកស្តាយចំពោះការស្លាប់បាត់បង់សត្វក្របីដែលពួកគាត់បានចិញ្ចឹមតែប៉ុណ្ណោះ ម្ចាស់សត្វក្របីទាំងនោះរួមមានទី ១-ឈ្មោះ យ៉ាន ហឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ងាប់សត្វក្របី ៥ ក្បាល ។ ទី២-ឈ្មោះ យ៉ាន ហា ភេទប្រុស អាយុ ២៦ ឆ្នាំ ងាប់សត្វក្របី ១ ក្បាល ។ ទី៣-ឈ្មោះ យ៉ាន  យឿន  ភេទប្រុស អាយុ ៣៧ ឆ្នាំ ងាប់សត្វក្របី ២ ក្បាល និង ៤-ឈ្មោះ យ៉ាន វែង ភេទប្រុស អាយុ ៤៧ ឆ្នាំងាប់សត្វក្របី ៣ ក្បាល ។

សំណាងដែរ ដែលរន្ទះបានបាញ់តែសត្វក្របី មិនបានបង្កផលប៉ះពាល់ ឬ របួសដល់មនុស្ស ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច