ពាន Uefa Champion League កំណត់ជោគវាសនាកំពូលអ្នកចាំទី Gianluigi Buffon ដល់ថ្នាក់អាចត្រូវចូលនិវត្តន៍

កំពូល​អ្នកចាំទី​ដែលជា​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី និង ក្លឹប​សេះបង្កង់ Juventus លោក Gianluigi Buffon បានធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាត់​ទាត់​ថា លោក​នឹង​ចូលនិវត្តន៍​ពី​វិស័យ​បាត់​ទាត់​នៅ​ចុងរដូវ​កាល​នេះ ប្រសិនបើ Juventus មិនអាច​លើក​ពាន Uefa Champion League ទេ ។​

​ក្លឹប​បាត់​ទាត់ Juventus ដែលជា​អតីត​ម្ចាស់​ជើងឯក​ចាស់​របស់ Serie A អាចមាន​សមត្ថភាព​ឡើងដល់​វគ្គ​ផ្តាច់​ព្រ័​ត្ត​ពីរដង​ត្រឹម​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ ពួកគេ​គ្មាន​សំណាង​ក្នុងការ​កាន់​ពាន Uefa Champion League ម្តងណា​ឡើយ ។ លោក Buffon ដែលមាន​វ័យចាស់​វស្សា​ក្នុង​វិស័យ​បាល់ទាត់​រូបនេះ​បាន​និយាយ​ចំពោះ​រឿងនេះ​ថា «​វា​អាចជា​រដូវ​កាល​ចុងក្រោយ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បានសម្រេច​ចិត្ត​រួចហើយ រួច​ទោះបីជា​បន្ត​មួយ ឬ ពីរ​ឆ្នាំ​ទៀត វា​ក៏​គ្មាន​ប៉ះពាល់​អ្វី​ដែរ ។ មកទល់ពេលនេះ អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ គឺ​ចង់​ឈ្នះ​ពាន Uefa Champion League ព្រោះ​វា​ប្រហែលជា​អាចជួយ​ខ្ញុំ​ឱ្យមាន​បំណង​បន្តទៀត​ដើម្បី​កាន់​ពាន Club World Cup» ។​

​គួរ​បញ្ជាក់ដែរថា លោក Buffon មាន​វ័យ ៣៩ ឆ្នាំ ហើយ​លោក​ត្រូវបាន​ក្លឹប Juventus ទិញយក​ពី​ក្លឹប Parma នា​ឆ្នាំ ២០០១ ។ លោក​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជាច្រើន​ដូចជា​ជួយ​ជម្រើសជាតិ​អ៊ីតាលី​លើក​ពាន World Cup នៅ​ឆ្នាំ ២០០៦ ហើយ​ធ្លាប់ជួយ Juventus លើក​ពាន​លី​គ Serie A ១០ ដង ពាន Italian Cups ៤ ដង តែ​លោក​មិនដែល​ឈ្នះ​ពានរង្វាន់ Uefa Champion League ម្តង​ឡើយ​ក្នុង​អាជីព​លោក ៕ រិទ្ធី (​ប្រភព ៖ BBC)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច