ទូរស័ព្ទគេចពន្ធជាង ២៤០០ គ្រឿង ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅខេត្តព្រះសីហនុ !

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧នេះ សមត្ថកិច្ចគយ និង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលទូរស័ព្ទចល័តខុសច្បាប់មួយករណី នៅខេត្តព្រះសីហនុ ដោយដកហូតបានទូរស័ព្ទជាង ២៤០០គ្រឿង ដែលឈ្មួញបានធ្វើការនាំចូលមកពីប្រទេសថៃ។

នៅក្នុងប្រតិបត្តិការនេះគឺធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និង បង្រ្កាបបទល្មើស ដឹកនាំដោយលោក ឯម ណារិទ្ធ​ប្រធានការិយាល័យ នាវាចរគយ និង មន្រ្តីនៃនាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើស ដោយរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ចាប់ទំនិញទូរស័ព្ទដៃ ដែលផ្ទេរចេញពីទូកដឹកទំនិញ Kitawann មកពីប្រទេសថៃ​ ត្រង់ចំណុចកោះដែកគោល  ស្ថិតនៅក្នុងទឹកដីខេត្តព្រះសីហនុ ឆ្ពោះមកកំពង់ផែទំនប់រលក ។

ប្រតិបត្តិការនៃការបង្ក្រាប ការនាំចូលទូរស័ព្ទគេចពន្ធនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ទូរស័ព្ទប្រើប្រាស់រួចចំនួន ​១៤​កេស ស្មើនឹង ​២៤១០ គ្រឿង ដែលជាប្រភេទ Samsung​  ចំនួន ២២៨៨​គ្រឿង, LG ចំនួន ១១៨​គ្រឿង និង ទូរស័ព្ទកូរ៉េ ​៤​គ្រឿង ៕ ឧត្តម

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច