ក្រុមហ៊ុនតូតាល់កម្ពុជា សម្ពោធគម្រោងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅស្ថានីយស្តុកប្រេងក្នុងអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប

​ក្រុង​សៀមរាប​, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ថាម ពល​ពន្លឺព្រះអាទិត្យ​នៅ​ស្ថានីយ​ស្តុក​ប្រេង​របស់ខ្លួន​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ ​ខេត្តសៀមរាប នា​ថ្ងៃ​ពុធ​ទី ២៥ ខែតុលា ឆ្នាំ​២០១៧ ។ មុនពេល​ដំឡើង​ប្រព័ន្ធ​នេះ ស្ថានីយ​ស្តុក​ប្រេង​ត្រូវបាន​ដំណើរការ​ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ​ថាមពល​ដែល​ផលិត​ដោយ​ម៉ាស៊ីនភ្លើង ដោយសារតែ​វា​មិនត្រូវ​បាន​ត​ភ្ជាប់​ទៅនឹង​បណ្តាញ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ។ ជាមួយនឹង​ការដំឡើង​ប្រព័ន្ធ​ថ្មី​នេះ ស្ថា​នី​យ៏​ផ្ទុក​ប្រេង នឹង​ត្រូវបាន​ដំណើរការ​ដោយ​ពឹងផ្អែក​ភាគច្រើន​លើ​ថាមពលព្រះអាទិត្យ ។​

​លោក Olivier Chalvon Demersay អនុប្រធាន​ប្រតិបត្តិការ APMO ប្រចាំ​តំបន់​របស់ តូ​តា​ល់ បាន​ឲ្យ​ដឹងថា «​គំនិត​ផ្តួចផ្តើម​នេះ គឺជា​លើកដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​ក៏​កំពុង​អភិវឌ្ឍ​កម្មវិធី​ជាច្រើន​ទៀត​សម្រាប់​ការដំឡើង​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ (​បន្ទះ​សូ​ឡា​) នៅតាម​ស្ថានីយ​ដទៃទៀត​ទូទាំងប្រទេស​តាម​ទីតាំង​ដែល​ត្រូវ​បានកំណត់​នៅ​ចុង​ឆ្នាំនេះ​» ។​

​ការដំឡើង​នេះ រំពឹងថា នឹងចូលរួម​ក្នុង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន CO2 របស់​ស្ថានីយ​ស្តុក​ប្រេង និង ការចំណាយ​សម្រាប់​ប្រតិបត្តិការ​រយៈពេល​វែង​ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ដែល​ស្អាត​មិន​ប៉ះពាល់​បរិស្ថាន ថាមពល​ដែល​អាច​កកើត​ឡើងវិញ និង អាច​ទុកចិត្តបាន ។​

​តូ​តា​ល់​គ្រុប ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​លើ​ពិភពលោក​ផ្នែក​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ ដែលជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថាមពលព្រះអាទិត្យ SunPower ។ តាមរយៈ​ភាពជា​ដៃគូ​នេះ បាន​នាំមក​នូវ​ការបង្កើត​បច្ចេកវិទ្យា​ពន្លឺព្រះអាទិត្យ​ល្អ​បំផុត ហើយ​ត្រូវបាន​ចាត់ទុកថា មាន​ប្រសិទ្ធភាព​បំផុត អាច​ទុកចិត្តបាន និង មាន​ភាព​ឋិត​ឋេ​រ​នៅក្នុង​ទីផ្សារ ។ គម្រោង​នេះ​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិជ្ជា SunPower Maxeon ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ណា​សា​ក្នុង​បេសកកម្ម​ស្រាវជ្រាវ និង សិក្សា​ទៅកាន់​ភព​ផ្សេងៗ ។​

​ក្នុងឱកាស​នោះដែរ លោក Asif Iqbal នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​មានប្រសាសន៍ថា «​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល គឺជា​ការប្តេជ្ញាចិត្ត​ដ៏​ចម្បង​របស់​តូ​តា​ល់​គ្រុប​នៅ​ទូទាំង​ពិភពលោក​» ។ លោក​បន្ថែមថា «​ការសម្រេចបាន​នូវ​គម្រោង​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ជាប្រចាំ​រប​ស់​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​ក្នុងការ​គាំទ្រ​ដល់​កិច្ចការ​សង្គម វប្បធម៌ និង បរិស្ថាន នៅ​កម្ពុជា ។ យើង​នឹង​យកគំនិត​ផ្តួចផ្តើម​នេះ​ទៅប្រើ​ប្រាស់​សម្រាប់​ការដំឡើង​នៅតាម​បណ្តា​ស្ថានីយ​របស់​យើង​ជាច្រើន​ទៀត​នាពេល​ឆាប់ៗ​នេះ​» ។​

​ក្នុង​ពិធី​សម្ពោធ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង ថាមពល លោក សុខ ថុល តំណាង​រដ្ឋា​បាល​ខេត្តសៀមរាប លោក Olivier Chalvon Demersay អនុប្រធាន​ប្រតិបត្តិការ​ទីផ្សារ និង សេវាកម្ម​របស់​តូ​តា​ល់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង ម​ជ្ឈឹ​ម​បូព៌ា លោក Asif Iqbal នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា លោក Eric Delobel អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា និង ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត ។​

​ទំនាក់ទំនង​ផ្នែក​ផ្សព្វផ្សាយៈ 061555185
​លោកស្រី ច័ន្ទ បរ​មី​

​អំពី​តូ​តា​ល់

​តូ​តា​ល់ គឺជា​ក្រុមហ៊ុន​ផលិត និង ផ្គត់ផ្គង់​ថាមពល​ចម្រុះ​នៅ​ទូទាំង​ពិភពលោក ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេង និង ឧស្ម័ន ឈានមុខ​គេ​មួយ និង ជា​ប្រតិបត្តិ​ករ​ថាមពល​ពន្លឺព្រះអាទិត្យ​លំដាប់​ទី​ពីរ​នៅលើ​ពិភពលោក​ជាមួយ​ក្រុមហ៊ុន SunPower ។ បុគ្គលិក​ចំនួន ៩៦ ០០០ នាក់​របស់​យើង បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​ថាមពល​កាន់តែ​ប្រសើរ ដែលមាន​សុវត្ថិភាព​ជាង​មុន មាន​អនាម័យ មាន​ប្រសិទ្ធភាព កាន់តែ​មាន​ភាព​ច្នៃប្រឌិត និង អាច​ប្រើប្រាស់​បាន​ដល់​មនុស្ស​ជាច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ។ ក្នុងនាម​ជា​ក្រុមហ៊ុន​សាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​មួយ​ចំពោះ​ប្រជាពលរដ្ឋ យើង​ធានាថា ប្រតិបត្តិការ​របស់​យើង​នៅក្នុង​បណ្តា​ប្រទេស​ជាង ១៣០ នៅ​ទូទាំង​ពិភពលោក ពិតជា​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច សង្គម និង បរិស្ថាន ។ www.total.com

​អំពី តូ​តា​ល់ កម្ពុជា​

​ក្រុមហ៊ុន តូ​តា​ល់ កម្ពុជា បាន​នឹង​កំពុង​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ​បើទោះបីជា​ក្រុមហ៊ុន​មួយ​នេះ​មាន​វត្តមាន​អស់​រយៈពេល​ជាង ៧០ ឆ្នាំ ហើយ​ក្តី ។ នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បាន​ចូលរួម​ក្នុងការ​ផ្តល់​ផលិតផល និង សេវាកម្ម​ប្រេង​ជាច្រើន​ជូន​ដល់​អតិថិជន​របស់ខ្លួន​ទាំង​ក្នុង​វិស័យ​ឯកជន និង សាធារណៈ ។​

​បច្ចុប្បន្ន តូ​តា​ល់ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន រួមជាមួយ​ស្ថានីយ​ផ្តល់​សេវាកម្ម​ប្រេងឥន្ធនៈ ទាំង​ប្រេងសាំង និង ប្រេងម៉ាស៊ូត​ចំនួន ៧៥ កន្លែង និង ហាង​លក់ទំនិញ (Bonjour Shops) ចំនួន ៣០ កន្លែង ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សម្រាប់​វិស័យ​ឧស្សាហកម្ម ប្រេងឥន្ធនៈ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ និង ប្រេងរំអិល ។ លើសពីនេះ​ទៀត TOTAL Club Card គឺជា​មធ្យោបាយ​ទំនើប​បំផុត​ក្នុង​ការបង្កើត និង គ្រប់គ្រង​ការទិញ​ប្រេងឥន្ធនៈ​របស់​អ្នក​ឱ្យ​កាន់តែ​ងាយស្រួល ។ ជាមួយ​ផលិតផល និង សេវាកម្ម​ទាំងអស់នេះ យើង​ក៏​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​ដូចជា ការវិភាគ​ប្រេងឥន្ធនៈ ការដំឡើង​ស៊ីទែន​ស្តុក​ប្រេងឥន្ធនៈ និង ការដឹក​ជ​ញ្ចូ​ន​ប្រេងឥន្ធនៈ​ដល់​អតិថិជន​ផងដែរ ៕

www.total.com.kh
www.facebook.com/totalcambodge

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច