ពិភពលោកនិយាយថា លោក ស៊ី ជីនពីង គឺជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត

ប្រទេស​ចិន​គ្រោង​នឹង​បង្ហាញ​ក្រុមប្រឹក្សា​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​លោក​ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង (Xi Jinping) បាន​បោះត្រា​សិទ្ធិអំណាច​របស់លោក និង បាន​ឆ្លាក់​ឈ្មោះ​របស់លោក​នៅលើ​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​កុំម្មុយនិស្ត​ដ៏​រឹងមាំ​រួចទៅហើយ ។​

​គួរ​បញ្ជាក់ថា លោក Xi បច្ចុប្បន្ន​មាន​អាយុ ៦៤ ឆ្នាំ​ហើយ ហើយក៏​ជា​បុគ្គល​ឆ្នើម​មួយរូប ដែល​បាន​ជួយ​បង្វែរ​ប្រទេស​ចិន​ឱ្យក្លាយ​ទៅជា​ប្រទេស​មហាអំណាច​ខាង​សេដ្ឋកិច្ច​ផង និង យោធា​ផង ក្នុង​រយៈពេល​ជិត​ពាក់កណ្តាល​សតវត្ស​ចុងក្រោយ​នេះ ។​

​លោក​ លី ​កេ​ឈាង (Li Keqiang) អាយុ ៦២ ឆ្នាំ​ត្រូវបាន​គេ​រំពឹងថា នឹង​អាច​កាន់កាប់​កៅអី​របស់លោក ស៊ី​ជីន​ពីង ។ ប៉ុន្តែ​ចំពោះ​គណកម្មការ​បច្ចុប្បន្ន​ចំនួន ៥ រូប​ទៀត ក្នុង​ក្រុមប្រឹក្សា​នេះ ក៏​គ្រោង​នឹង​ចុះ​ចេញពី​ដំណែង​ផងដែរ ដោយ​ឈរលើ​ហេតុផល​ចូល​និវត្ត និង ហេតុផល​មិនបាន​ប្រកាស​ជា​ផ្លូវការ​មួយចំនួន ឬ​ត្រូវបាន​គេ​ជំនួស​ដំណែង​ជាដើម ។

​គួរ​បញ្ជាក់ថា លោក ស៊ី​ជីន​ពីង ត្រូវបាន​គេ​ផ្តល់​ដំណែង ប្រដូច​ទៅនឹង​លោក តេង​ស៊ា​វ​ភីង និង អតីត​ស្ថាបនិក ​និង ​ជា​មេដឹកនាំ​ចិន គឺ​លោក ម៉ៅ ​សេទុង ដូច្នោះ​ដែរ​ ។ លោក ស៊ី នៅ​មិនទាន់​បានតែងតាំង​បុគ្គល​ណា​ដែល​ស័ក្តិសម​នឹង​ស្នង​តំណែង​បន្ត​ពី​រូបលោក​នៅឡើយ ជាពិសេស​នៅក្រោយ​បញ្ចប់​អណ​ត្តិ​ទី ២ នៃ​ដំណែង​ប្រធានាធិបតី​របស់លោក ។​

​ជាទូទៅ​អណ​ត្តិ​ប្រធានាធិបតី​នៅ​ចិន មាន​ដែន​កំណត់​ចំនួន​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​កត់សម្គា ល់ថា លោក​ ស៊ី ​ជីន​ពីង នៅតែ​អាច​កាន់អំណាច​មួយចំនួន​ក្នុង​ដៃ​ដូចជា ក្នុងនាម​ជា​ប្រធាន​បក្ស​កុំម្មុយនីស្ត​ជាដើម​ ។ លោក​គ្រោង​នឹង​ប្រកាស​មេដឹកនាំ​បក្ស​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​។ ប៉ុន្តែ​ក្រុមអ្នកវិភាគជឿថា លោក​អាច​នឹង​រង់ចាំ​បន្តិច ព្រោះ​មិន​ចង់ឱ្យ​ប៉ះពាល់​ដល់​ដែន​អំណាច​គ្រប់គ្រង​បច្ចុប្បន្ន​របស់លោក ៕ សុផល (​ប្រភព​៖ AFP និង Newsy)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច