ក្មេងប្រុសអាយុ ១២ ឆ្នាំ ត្រូវខ្វាក់ភ្នែកដោយសារតែគ្រាប់ព្រួញរបស់សិស្សរួមសាលា

កាលពីពេល​ថ្មីៗ​នេះសាលារៀន​ថ្នាក់បឋមសិក្សា​មួយកន្លែង​នៅក្នុង​ក្រុង Gyeongbuk ប្រទេស​កូរ៉េខាងត្បូង បាន​នាំ​កូនសិស្ស​តូចៗ​របស់ខ្លួន ចុះ​កម្មសិក្សា​ដើរ​កម្សាន្ត​ទៅ​ខេត្ត Gyeonggi ។​

​ការធ្វើដំណើរ​កម្សាន្ត​នេះ​បាន​ប្រព្រឹត្ត​ទៅតាម​អ្វីដែល​បាន​ព្រៀងទុក តែ​អ្វីៗ​ក្លាយជា​ភាព​សោកសៅ ដោយសារតែ​ក្មេងប្រុស​ថ្នាក់​ទី ៦ ម្នាក់ បាន​បង្កើត​ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​មួយ ។ ក្មេងប្រុស​រូបនោះ​បាន​យក​ស្នា​ជ័រ​របស់ខ្លួន​ទៅតាម​ក្នុង​ដំណើរ​កម្សាន្ត​នេះ តែ​គេ​បាន​ប្តូរ​គ្រាប់​ព្រួញ​ជ័រ​នោះ ដោយបាន​ដក​ជ័រស្អិត​នៅ​ចុង​ព្រួញ រួច​ប្តូរ​វា​ទៅជា​ក្បាល​ដែល​មុត​ស្រួច ដូចនឹង​គ្រាប់​ព្រួញ​ពិតៗ ។ តាមរយៈ​ក្មេងៗ​ដែល​បានឃើញ​ហេតុការណ៍ គេ​បាន​ប្រាប់​ឱ្យដឹងថា ក្មេងប្រុស​ខិលខូច​រូបនោះ បាន​ទាញ​ស្នា​ដែលមាន​គ្រាប់​ព្រួញ​មុត​ស្រួច​នោះ​បាញ់​សំដៅទៅ​កាន់​ក្មេងប្រុស​ម្នាក់ទៀត ដែល​បាន​យក​ខ្នើយ​មក​បញ្ឈប់​គ្រាប់​ព្រួញ តែ​វា​ហួសពេល​ទៅហើយ ដោយ​គ្រាប់​ព្រួញ​នោះបាន​ចាក់​ទម្លុះ​គ្រាប់ភ្នែក​របស់គេ​ទៅហើយ ។​

​ក្រោយ​ហេតុការណ៍​នេះ សិស្ស​ប្រុស​រងគ្រោះ​រូបនោះ​បាន​ខ្វាក់ភ្នែក ទោះបីជា​បាន​ឆ្លងកាត់​ការវះកាត់​ព្យាបាល​ជំនាញ​ជាច្រើន​សារ​ក៏ដោយ ហើយ​វា​ជា​រឿង​​អកុសល​សម្រាប់​រូបគេ ។ បច្ចុប្បន្ននេះសាលារៀន​កំពុង​ស្រាវជ្រាវ​លើ​ក្មេងប្រុស​ជនដៃដល់ ថា​នេះ​ជា​ទង្វើ​ចេតនា ឬ យ៉ាងណា តែ​បច្ចុប្បន្ន​ដោយសារ​ក្មេងប្រុស​ជនដៃដល់​មាន​អាយុ​ក្រោម ១៤ ឆ្នាំ គេ​ពុំ​ត្រូវបាន​ពិន័យ ឬ ដាក់​ឃុំ​នោះទេ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច