សាហាវណាស់ ៖ នារីជនជាតិទំពួនម្នាក់ត្រូវជនល្មើសរំលោភសម្លាប់ក្នុងចម្ការដំឡូងមី (មានវីដេអូ)

យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់ ជាជនជាតិភាគតិច​ទំពួន ​និង ជាសិស្ស​ថ្នាក់​ទី១១ នៃ​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ នៅទី​រួម​ក្រុង​បាន​លុង ខេត្ត រតនគិរី ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួចហើយ​ មួ​លក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ចម្ការ​ដំឡូង​មី​មួយកន្លែង ។

ហេតុការណ៍ដ៏រន្ធត់ ​និង ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង ​កាលពី​វេលា​ម៉ោង ៨និង៣០នាទី​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧  នៅក្នុង​ចម្ការ​ដំឡូង​មី​ក្បែរផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រហែល១០ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច័​យលើសព​រួច ​សមត្ថកិច្ច​បាន​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ កេល លាភ ភេទ​ស្រី អាយុ១៨ឆ្នាំ ជនជាតិ​ទំពួន រៀន​ថ្នាក់​ទី១១ នៅ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ទី​រួម​ក្រុង​បាន​លុង រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

នៅលើ​ដងខ្លួន​សាកសព​ឃើញ​មាន​ស្នាមរបួស​មួល​បំបាក់​ក និង ​ស្នាម​រយះ​ក្បាល និង​ បែក​ជង្គង់​ទាំងសងខាង និង​ ប្រដាប់ភេទ​របួស​យ៉ាងដំណំ ហើយ​តាម​ការប៉ាន់ស្មាន​របស់​សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ នៅមុនពេល​ត្រូវឃាតកសម្លាប់ គឺ​ឃាតក ​បាន​ច្របាច់ក រួច​មួ​លក​បន្ថែម ហើយ​ឃាតក ​មិនមែន​មានតែម្នាក់ឯង​នោះទេ គឺអាចមានគ្នា​ពីរ​នាក់​ឡើងទៅ ។

សមត្ថកិច្ច​កំពុងតែសស្រាក់សស្រាំស្វះ​ស្វែង​រកមុខ​ឃាតករយកមកផ្តន្ទាទោស​ឱ្យ​បាន ។ ​ឪពុកជនរងគ្រោះ មាន​ឈ្មោះ ខាំ ឡា​កេល អាយុ ៥២ឆ្នាំ  និង​ ម្តាយ​មានឈ្មោះ តក់ ដូច អាយុ ៥០ឆ្នាំ បាន​រៀបរាប់ថា កូនរបស់​គាត់ ដែល​ស្លាប់នេះ​ជា​កូន​ទី៦ «កូនពៅ» នៅ​ថ្ងៃអាទិត្យ​ទី២២ ខែតុលា ឆ្នាំ២០១៧ វេលា​ម៉ោង៩ព្រឹក កូនស្រី​របស់គាត់ ​ដែលជា​នារី​រងគ្រោះ​នេះ បាន​សុំ​ឪពុកម្តាយ​ទៅកាន់​ទី​រួម​ខេត្តរតនគិរី ដោយជិះ​ម៉ូតូ​ម៉ាក​សង់ C125 ស៊េរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1C-4009 ជិះ​ម្នាក់ឯង ដោយ​ប្រាប់​ឪពុកម្តាយ​ថា ទៅចូលរួម​កម្មវិធី​នៅ​ភោជនីយដ្ឋាន​រតនៈលី​នា ទល់មុខ​ ​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ដើម្បី​មក​រាំ​របាំ​ប្រពៃណី​ជនជាតិ​ទំពួន ឱ្យ​អង្គការ​មី​ឌី​វ័​ន្ត ។

លុះដល់​ម៉ោង៧យប់ថ្ងៃដដែល ​ឪពុកម្តាយ​បាន​ទូរស័ព្ទ​ទៅរក​កូន​ជា​ច្រើនដង​ តែ​គ្មាន​អ្នកទទួល ​ទើបនៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ នៅវេលា​ម៉ោង ៨ព្រឹក ម្ចាស់​ចម្ការ​ឈ្មោះ សួង សុខលី ឃើញ​ម៉ូតូ​ជនរងគ្រោះ​ឃ្លាត​ពី​សាកសព ២០ម៉ែត្រ ហើយ​ដើរ​ទៅមុខ​ឃើញ​សព​នារី​រងគ្រោះ ពេលនោះរូបគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និង ក្រុមគ្រួសារនារីរងគ្រោះ ។

បើតាម​ឈ្មោះ ថង សៃ ភេទ​ស្រី អាយុ២០ឆ្នាំ មុខរបរ សិស្ស​រៀន​ជាមួយគ្នា និង​ធ្វើការ​អង្គការ​មី​ឌី​វ័​ន្ត បាន​ឱ្យដឹងថា នៅ​ថ្ងៃអាទិត្យ​ទី ២២ ខែតុលាឆ្នាំ ២០១៧ វេលា​ម៉ោង ១១ ថ្ងៃត្រង់អង្គការ​ខាងលើ​បានរៀបចំ​កម្មវិធី​មួយមាន​ឈ្មោះ«​ធម្មជាតិ​របស់​អ្នក» ក៏​បាន​អ​ញ្ចើ​ញ​នារី​រងគ្រោះ​មក​រាំ​របាំ ​ជនជាតិ​ទំពួនរហូត​ដល់​ម៉ោង ១២ថ្ងៃត្រង់ ទើបចប់​កម្មវិធី​ ហើយនារី​រងគ្រោះ​ឈ្មោះ កេល លាភ នៅ​ហូបបាយ​រួមគ្នា​ជាមួយ​មិត្តភក្តិ​ជាច្រើន​ទៀត រហូតដល់​ម៉ោង ៣ រសៀល ទើប​បែក​គ្នា​អស់ ហើយ​មិត្តភក្តិ​មិនដឹងថា ​នារី​រងគ្រោះ​ទៅណា​ខ្លះនោះ​ទេ ? ទើប​តែមានគេឃើញសាកសពនាង ហើយក៏នាំគ្នាភ្ញាក់ផ្អើលមកមើលក៏​ដឹងថានារី​រងគ្រោះ​ត្រូវបានគេ​រំលោភ​សម្លាប់ពិតមែន ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច