ធនាគារពិភពលោកគ្រោងវិភាជន៍ថវិការជាង ៣៨០ លានដុល្លារលើវិស័យអាទិភាពមួយចំនួន !

កន្លងមក ធនាគារពិភពលោកបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រទេសកម្ពុជា តាមរយៈគម្រោងនានា ហើយកាលពីពេលថ្មីៗនេះ សម្រាប់ក្របខ័ណ្ខកិច្ចសហប្រតិបត្តិការពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ធនាគារពិភពលោក គ្រោងវិភាជន៍ថវិកាផែនការឆ្នាំសារពើពន្ធ ២០១៧ និង ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨០ លានដុល្លារបន្ថែមទៀត សម្រាប់ហិរញ្ញប្បទានលើវិស័យអាទិភាពមួយចំនួន ។

នៅក្នុងជំនួបមួយ ជាមួយឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ លោកស្រី អេឡែន ហ្គូលស្ទីន (Ellen Goldstein )នាយកធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា មីយ៉ានម៉ា និង ឡាវ បានមានប្រសាសន៍ថា ក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ សម្រាប់ក្របខ័ណ្ខកិច្ចសហប្រតិបត្តិការពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ធនាគារពិភពលោកគ្រោងវិភាជន៍ថវិកាផែនការឆ្នាំសារពើពន្ធ ២០១៨ និង ២០១៩ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៨០ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ហិរញ្ញប្បទានលើវិស័យអាទិភាព ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ និង វិស័យអប់រំ ។

ជាមួយគ្នានោះ លោកស្រី ក៏បានសន្យាថា នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការស្រូបទាញយកថវិកាដែលបានវិភាជន៍ទុកនេះ មកប្រើប្រាស់ឱ្យអស់តាមផែនការ ក្នុងន័យនេះ រាល់ការរៀបចំគម្រោង អនុវត្តជាក់ស្តែងត្រូវតែស្របតាមតម្រូវការអាទិភាពពិតប្រាកដរបស់រាជរដ្ឋាភិបាល ។ ហើយលោកស្រីក៏បានប្តេចជ្ញាចិត្តដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅនៃការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ ៕ ឧត្តម

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច