ខ្វះការលើកទឹកចិត្ត និង ថែទាំ ជាមូលហេតុធ្វើឱ្យស្រ្តីមានផ្ទៃពោះឆាប់ចាស់

តាម​ការស្រាវជ្រាវ​ពី​ស្ថានភាព​សង្គម​ថ្មី​មួយ​បានឱ្យដឹងថា កង្វះ​ការលើកទឹកចិត្ត និង ការថែទាំ​ពី​សមាជិកគ្រួសារ អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទាំង​ផ្លូវចិត្តធ្វើឱ្យ​កោសិកា​រាងកាយ​ឆាប់​វិ​វដ្ត​ទៅរក​ភាព​ចាស់ និង បង្ក​ផលប៉ះពាល់​ផ្នែក​សុខភាព​មួយចំនួន ។

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​សំណាក​ឈាម​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​សិក្សា​នូវប្រវែង​នៃ telomeres (​រចនាសម្ព័ន្ធ​របស់​ក្រូម៉ូសូម ដែល​អ្នកវិទ្យាសាស្ត្រ​តែង​យកទៅ​សិក្សា​ពី​មុខងារ​អាយុកាល​នៃ​កោសិកា​)​ ។​

​អ្នកស្រាវជ្រាវ​ក៏បាន​សិក្សា​ទៅលើ​កត្តា​ស្ថានភាព​សេដ្ឋកិច្ចសង្គម​គ្រួសារ​ដែលមាន​ចំណូល​ទាប បញ្ហា​នៃ​ភាព​តានតឹង​ផ្លូវ​អារម្មណ៍​របស់​ស្ត្រី​ក្នុងអំឡុងពេល​មានពរ​ពោះ និង ក្រោយពេល​សម្រាក​កូន​រួច រួមទាំង​ការ​ទំនុកបម្រុង​ផ្នែក​សេដ្ឋកិច្ចសង្គម​ក្នុង​គ្រួសារ ដើម្បី​រកមើល​នូវ​ផលប៉ះពាល់​ចំពោះ​សុខភាព​ស្ត្រី ។

​ជា​លទ្ធផល កត្តា​ទាំងអស់នេះ គឺ​ពិតជា​ប៉ះពាល់​ពិតមែន និង ធ្វើឱ្យ​កត្តា​ជីវសាស្ត្រ​របស់​ស្ត្រី​ឆាប់​វិ​វដ្ត​ទៅរក​ភាព​ចាស់​ខ្លាំង បើសិនជា​ទទួលរង​ជា​រៀងរាល់​ថ្ងៃនោះ ។ ដូច្នេះ​ការទទួលបាន​ការគាំទ្រ​ការថែទាំ​ផ្នែក​សុខភាព ការលើកទឹកចិត្ត និង ធនធាន​ផង​នោះ​គឺមាន​ពិត​ជាសំខាន់​ខ្លាំងណាស់​ចំពោះ​ស្ត្រី ​។ លទ្ធផល​ស្រាវជ្រាវ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Psychoneuro endocrinology ។

​ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​ពិនិត្យ​ទៅលើ​កត្តា​ចំនួន​ដង​នៃ​ការ​បង្កើតកូន ការបង្កើត​កូន​មុន​កំណត់ និង បញ្ហា​សុខភាព​ផ្សេងៗ​របស់​ស្ត្រី​ដូចជា ការឡើង​សម្ពាធ​ឈាម និង ផល​លំបាក​ពេល​កើតកូន (​ព្រាយ​ក្រឡាភ្លើង​) នោះឡើយ ។​

​ការស្រាវជ្រាវ​ពីមុនមក​ក៏​ធ្លាប់​ត្រូវបាន​សិក្សា​ពី​ផលប៉ះពាល់​ទៅលើ​ស្ត្រី ដែល​បណ្តាលមកពី​កត្តា​ចិត្តសាស្ត្រ​ផ្លូវចិត្ត និង ការលើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ផងដែរ​ ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច