ឆ្នាំនេះមាន «ទូក ង» ចូលរួមប្រកួតច្រើនដល់ម្ល៉ឹងផង !

ជារៀងរាល់ឆ្នាំ ឱ្យតែព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែចូលមកដល់ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក្រុងនានា បាននាំគ្នាសម្រុកមកកាន់ទីក្រុងភ្នំពេញ ដើម្បីមកដើរកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះ បានធ្វើឱ្យទីក្រុងភ្នំពេញកកកុញទៅដោយហ្វូងមនុស្ស ច្រើនខុសពីធម្មតា ។ បើតាមព័ត៌មានដែលទទួលបាន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាឆ្នាំនេះ មានទូក(ង)ចូលរួមប្រណាំងច្រើនជាងឆ្នាំកន្លងទៅ ។

ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡា និង ជាគណៈកម្មការផ្គូផ្គងទូក(ង)បានមានប្រសាសន៍ប្រាប់«ប្រជាប្រិយ»ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាឆ្នាំ ២០១៧នេះ ទូក(ង)ដែលមកចូលរួមប្រកួត មានចំនួន ២៧០ ទូក ក្នុងនោះទូកអុំផ្នែកបុរស មានចំនួន ១៦២ ទូក និង ទូកអុំផ្នែកនារី មាន ១ ទូក ។ ដោយឡែកសម្រាប់ទូកចែវវិញ គឺទូកចែវផ្នែកបុរសមានចំនួន ២៦ទូក និង ទូកចែវផ្នែកនារីមានចំនួន ២ទូក ។ សម្រាប់ទូកខ្នាតអន្តរជាតិវិញគឺទូកអុំផ្នែកបុរសមានចំនួន ៧៦ទូក និង ផ្នែកនារីមានចំនួន ២ ទូក ។

ដោយឡែកសម្រាប់កម្លាំង អុំ និង ចែវទូកសរុបមានចំនួន ១៧ ៨២៦នាក់ ក្នុងនោះបុរសមានចំនួន១៤២១៥ នាក់ និង នារី ចំនួន ២២០នាក់ ។ កម្លាំងត្រៀមផ្នែកបុរសមានចំនួន ៣៣២២នាក់ និង ផ្នែកនារី ចំនួន ៦៩ នាក់ ។ ហើយសម្រាប់ចម្ងាយនៃការប្រណាំងវិញ គឺពីកងព័ន្ធចេញដំណើរ មកដល់ទីផ្តាច់ព្រ័ត្រមានប្រវែង ១៧០០ម៉ែត្រ ។ ចំនួនទូក(ង)ដែលនឹងចូលរួមប្រកួត នាឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលមានតែ ២៥៧ទូក តែប៉ុណ្ណោះ ៕ ចំណូល

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច