រឿង «ហ្លួងព្រះស្តេចកន» នឹងបញ្ចាំងឡើងវិញក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្នាត​ធំ រឿង «​ហ្លួង​ព្រះស្តេច​កន​» ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំងពី​សំណាក់​ប្រជាជន​ខ្មែរ ក្នុងអំឡុងពេល​ចាក់​បញ្ចាំង​រយៈពេល​ជាង ១ ខែ តាម​រោងភាពយន្ត​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប ។ ប៉ុន្តែ​ទោះបីជា​បាន​ចំណាយពេល​ចាក់​បញ្ចាំង​យូរ​ជាង​ខ្សែភាពយន្ត​ខ្មែរ​ដទៃទៀត​ក៏ដោយ ក៏​រឿង «​ហ្លួង​ព្រះស្តេច​កន​» នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រជាជន​ខ្មែរ ហើយ​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​នៅតែ​ចង់​តាមដាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ជាថ្មីទៀត ។

​ដូច្នេះ​ដើម្បី​បំពេញ​តាម​សំណូមពរ​របស់​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​ខ្សែភាពយន្ត​រឿង «​ហ្លួង​ព្រះស្តេច​កន​» ផលិតកម្ម​ត្រីសូល៍​ភាពយន្ត បានសម្រេច​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ឡើងវិញ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែលជា​បុណ្យប្រពៃណី​ជាតិខ្មែរ ។​

​រឿង «​ហ្លួង​ព្រះស្តេច​កន​» នឹងត្រូវ​បញ្ចាំង​ចាប់ពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៧ តទៅ នៅ​សាល​មហោស្រព​ចេនឡា រាជធានី​ភ្នំពេញ​តែមួយគត់ ។ សម្រាប់​ការលក់ និង កក់​សំបុត្រ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នា​រោង​មហោស្រព​ចេនឡា ដែលមាន​ទីតាំង​នៅជាប់​ផ្សារ​ដើម​គរ ទីក្រុង​ភ្នំពេញ ។ ចំណែក​ការចាក់​បញ្ចាំង នឹងធ្វើ​ឡើង ៤ ដង​ក្នុង​មួយថ្ងៃៗ គឺ​ម៉ោង ៩ ​ព្រឹក​ ម៉ោង ១២ និង ៣០ ​នាទី​ថ្ងៃត្រង់​ ម៉ោង ៤ ល្ងាច និង ម៉ោង ៧ និង ៣០ នាទី​យប់ ៕

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច