ពង្រឹងសុខភាពឆ្អឹងកុមារ គួរបន្ថែមវីតាមីន D ឱ្យបានច្រើន

ជំងឺ​ក្រិស គឺជា​ជំងឺ​ម្យ៉ាង​ដែល​ច្រើន​កើត​ទៅលើ​កុមារ និង ច្រើន​ធ្វើឱ្យ​ឆ្អឹង​កុមារ​ទន់​ចុះខ្សោយ នេះ​គឺ​បណ្តាលមកពី​កង្វះ​វីតាមីន D និង ទារក​ដែល​កើត​មិន​គ្រប់​ខែ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Nebraska នៅក្នុង​រដ្ឋ Omaha សហរដ្ឋអាមេរិក ។

​យោងទៅតាម​អនុ​សាស​ន៍​របស់​វេជ្ជបណ្ឌិត នៅ​រាជបណ្ឌិតសភា​សហរដ្ឋ​អាមេរិក American Academy of Pediatrics បានឱ្យដឹងថា របប​វីតាមីន D សម្រាប់​កុមារ​ក្នុង​មួយថ្ងៃ​គឺ 400 International Units (IUs) ដែលជា​ខ្នាត​ស្តង់ដារ​មួយ ។

​ប៉ុន្តែ​បើ​យោងតាម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Nebraska ក្នុង​រដ្ឋ Omaha វិញ បាន​បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ​ការបង្កើន​កម្រិត​វីតាមីន D ពី 400 IUs ទៅ 800 IUs ជា​រៀងរាល់ថ្ងៃ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការថយចុះ​កំហាប់​ឆ្អឹង​ចំពោះ​ទារក​មិន​គ្រប់​ខែ​បាន ។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Plos One ដោយបាន​សិក្សា​វាយតម្លៃ​ទៅលើ​ក្រុម​ទារក​កើត​មិន​គ្រប់​ខែ និង បានផ្តល់​ជូន​នូវ​កម្រិត​វីតាមីន D ចន្លោះ​ពី 400 IUs ទៅ 800 IUs ក្នុង​មួយថ្ងៃ​ដែល​កើត​ក្នុង​ចន្លោះ​សប្តាហ៍​ទី ២៤ ទៅ ៣២ សប្តាហ៍ ក្នុង​រយៈពេល​ជាង ៤ សប្តាហ៍ ។​

​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង ​ទទួល​វីតាមីន​ចំនួន 800 IUs ក្នុង​មួយថ្ងៃ បានបង្ហាញ​មាន​ភាពប្រសើរឡើង​នៃ​ការលូតលាស់​កំហាប់​ឆ្អឹង បើ​ប្រៀបធៀប​ទៅនឹង​កម្រិត 400 IUs ក្នុង​មួយថ្ងៃ ។ ពួកគេ​ក៏បាន​មើលឃើញថា​បាន​ថយចុះ​នូវ​ហានិភ័យ​នៃ​ទារក​ដែលមាន​កំហាប់​ឆ្អឹង​ទាប ។ ដូច្នេះ​ដើម្បី​ជួយ​ពង្រឹង​សុខភាព​ដល់​កុមារ​ឱ្យបាន​រឹងមាំ គេ​គួរផ្តល់​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់ ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច