គូស្នេហ៍តារាកូរ៉េ ៦ គូ ល្បីខ្លាំងក្រោយរៀបការជាមួយគ្នា !

រឿងរ៉ាវ​ពីក្រោយ​ឆាក​ស្នេហា​របស់​តារា​ល្បីៗ តែងតែ​ជា​ព័ត៌មាន​ដែល​មហាជន​ជាច្រើន​ចាប់អារម្មណ៍ ហើយ​អាស្រ័យ​​ហេតុ​នេះទើប​គូស្នេហ៍​តារា​កូរ៉េ ៦ គូ​ខាងក្រោម​នេះ​បាន​កើន​ប្រជាប្រិយ​ភាពខ្លាំង ក្រោយពី​ពួកគេ​រៀបការ​នឹង​គ្នា ។​

១/ លោក Ahn Jay Hyun និង នាង Goo Hye Sun ៖ ពួកគេ​បាន​ទាក់ទង​គ្នា ពេលដែល​សហការគ្នា​ថ​ត​ក្នុង​រឿង​ភាគ «Blood» ។ ក្រោយ​ទាក់ទង​គ្នា​បាន​ជាង​មួយឆ្នាំ ពួកគេ​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយគ្នា ហើយ​អ្វីដែល​ពិសេស​នោះ ពួកគេ​មិនបាន​ប្រារព្ធ​ជា​ពិធីមង្គលការ​ធំដុំ​ទេ ដោយ​សុខចិត្ត​យកប្រាក់​សម្រាប់​រៀបចំ​ពិធីបរិច្ចាគ​ដល់​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​កុមារ​វិញ ។ ទឹកចិត្ត​ដ៏​ល្អ និង សប្បុរសធម៌​នេះ បានធ្វើឱ្យ​មហាជន​ជាច្រើន​គោរព​ស្រឡាញ់​ពួកគេ​យ៉ាងខ្លាំង ហើយ​ប្រជាប្រិយភាព​ពួកគេ​ក៏​កើន​ខ្ពស់ជាង​មុន​ច្រើន​ផងដែរ ។​

២/ លោក Ji Sung និង នាង Lee Bo Young ៖ គិត​មកទល់ពេលនេះ ពួកគេ​បាន​ទាក់ទង​គ្នា​ជាង ១០ ឆ្នាំ​ហើយ ដោយ​ពួកគេ​បាន​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ ២០០៤ ពេលដែល​ថត​ភាគ «Save The Last Dance For Me» ជាមួយគ្នា ។ ក្រោយ​ទាក់ទង​យល់ចិត្ត​គ្នា​អស់​ពេល​ជាច្រើន​ឆ្នាំ នៅ​អំឡុង​ឆ្នាំ ២០១១ ពួកគេ​ក៏បាន​រៀបការ​នឹង​គ្នា ហើយ​បាន​ថែរក្សា​ចំណងអាពាហ៍ពិពាហ៍​បាន​យ៉ាង​ផ្អែមល្ហែម ។​

៣/ លោក Tiger JK និង នាង Yoon Mirae ៖ អ្នក​ទាំងពីរ​ត្រូវបាន​មហាជន​ដាក់ឈ្មោះ​ក្រៅ​ថា គូស្នេហ៍​ហ៊ី​ប​ហប់ ។ ពួកគេ​បាន​ជួយ​ទំនុកបម្រុង​គ្នា​ក្នុង​បទ​ជាច្រើន ហើយ​ជាពិសេស​នៅពេល​មួយ​ដែល​លោក Tiger មាន​ជំងឺ​ធ្ងន់ធ្ងរ នាង Mirae មិនដែល​ទៅណា​ចោល​លោក​ទេ ដោយបាន​នៅក្បែរ​លោក លើកទឹកចិត្ត​លោក​ជា​រៀងរាល់ថ្ងៃ ។​

៤/ លោក Lee Sang Soon និង នាង Lee Hyori ៖ ពេលដែល​នាង Hyori ប្រកាស​ព័ត៌មាន​រៀបការ​ជាមួយ​លោក Lee ជា​សាធារណៈ បណ្តាលឱ្យ​អ្នកគាំទ្រ​នាង​ជាច្រើន​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ បច្ចុប្បន្នពួកគេ​បាន​ក្លាយជា​គូស្នេហ៍​គំរូ​សម្រាប់​មហាជន​កូរ៉េ​ជាច្រើន ស្របពេល​ដែល​ភាព​ផ្អែមល្ហែម​រវាង​ប្តី​ប្រពន្ធ​មួយគូ​នេះ​ក៏​ធ្វើ​ឱ្យគេ​ច្រណែន​គ្រប់គ្នា​ផងដែរ ។​

៥/ លោក Woo Hyo Kwang និង នាង Choo Ja Hyun ៖ អ្នក​ទាំងពីរ​បានក្លាយ​ជា​គូស្នេហ៍​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង ក្រោយពី​បង្ហាញ​ពី​ជីវិត​ដ៏​ផ្អែមល្ហែម និង ស្និទ្ធស្នាល​របស់​ពួកគេ​នៅក្នុង​រឿង «Same Bed Different Dream 2» ។​

៦/ លោក Ryu Su Young និង នាង Park Ha Sun ៖ ពួកគេ​បាន​ជួបគ្នា​ដំបូង​ពេលដែល​ថត​រឿង «Two Weeks» ហើយ​ពួកគេ​ទើបនឹង​រៀបការ​កាលពីដើម​ឆ្នាំនេះ ស្របពេល​ដែល​នាង Park កំពុង​រៀបចំខ្លួន​ទទួល​កូន​ដំបូង​របស់​នាង ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ ​គឺ​ប្រជាប្រិយភាព​របស់​ពួកគេ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្រោយពី​ពួកគេ​រៀបការ​ជាមួយគ្នា ៕ រិទ្ធី (​ប្រភព ៖ Koreaboo)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច