ប្លែក! កង់ជិះលើទឹក Manta5 ប្រើប្រព័ន្ធអគ្គិសនី (មានវីដេអូ)

សហគ្រិន​មួយរូប​នៅ​ប្រទេស​ញ៉ូ​ហ្ស៊ី​ឡែ​ន ​គឺ​លោក Guy Howard-Willis បានចាប់ផ្តើម​បង្កើត​កង់​ជិះ​លើទឹក​មួយ​មាន​ឈ្មោះថា Manta5 Hydrofoiler ដោយ​លោក​បានគិត​ចង់​បង្កើត​វា​តាំងពី​ឆ្នាំ ២០១០ មកម្ល៉េះ ដោយ​លោក​បាន​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូ​ដ​រថយន្ត​មួយរូប​ឈ្មោះ Roland Alonzo ដើម្បី​បង្កើត​កង់​ជិះ​លើទឹក​នេះ​ឱ្យចេញ​ជា​រូបរាង ដែល​នឹង​ត្រៀមខ្លួន​ឈានចូល​ទីផ្សារ​ឆាប់ៗ​នេះ ។

​កង់ Manta5 មាន​គ្រោង​តួ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម និង ដែក​អ៊ី​ណុ​ក បំពាក់​ម៉ូ​ទ័​រ​កម្លាំង ៤០០ វ៉ា​ត់ អាចឱ្យ​អ្នកជិះ​ធាក់​កង់​ដើម្បី​បង្វិល​ស្លាបចក្រ​បាន ។ អ្វីដែល​សំខាន់​វា​អាច​បណ្តែត​ខ្លួន និង ផ្តល់​ដល់​អ្នក​ដែលមាន​បំណង​ចង់​ជិះ​កង់​លើទឹក​កម្សាន្ត​បាន​យ៉ាង​រីករាយ មើលទៅ​ប្រៀបដូចជា​ជិះ​ម៉ូតូ​លើទឹក​ដូច្នោះ​ដែរ ។​

​ទម្ងន់​កង់​សរុប​មាន​ទម្ងន់ ២០ គីឡូក្រាម និង អាច​ធ្វើការ​ដោះចេញ​ជា​ចំណែកៗ ងាយស្រួល​ទុកដាក់​តាម​រថយន្ត ។ កង់​នេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​អ្នកជិះ​មាន​ទម្ងន់​ខ្លួន​ចាប់ពី ៧០ ទៅ ១០០​គីឡូក្រាម ហើយ​អាច​ជិះ​លើទឹក​សាប និង ទឹកប្រៃ (​ទឹកសមុទ្រ​) ក៏បាន ។​

​សម្រាប់​ម៉ូ​ដែល​បច្ចុប្បន្ននេះ​អាច​ដំណើរ​ជិះ​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក្រោយពេល​សាក​ថាមពល​ពេញ​មួយដង ។ កង់​នេះ​អាច​ជិះ​បាន​ក្នុង​ល្បឿន​អតិបរមា​ចាប់ពី ១៥ ទៅ ២០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

Manta5 នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ នឹង​ទទួល​ការបញ្ជាទិញ​មុនគេ​នៅក្នុង​ប្រទេស New Zealand នៅ​ចុង​ឆ្នាំនេះ តែ​អាចនឹងទទួល​បាន​កង់​នៅ​ចុងឆ្នាំ ២០១៨ ឯណោះ ។ ចំពោះ​តម្លៃ​នៅ​មិនទាន់​បានប្រកាស​ច្បាស់​នៅឡើយ ។ ​ចង់ដឹងថា​កង់​នេះ​មាន​លក្ខណៈពិសេស​ត្រង់ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖ សុផល​ (​ប្រភព​៖ Manta5)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច