ស្រ្តីមានផ្ទៃពោះ បើគេងមិនគ្រប់ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម

ចំនួន​ម៉ោង​ក្នុងការ​គេង​លក់​ស្កប់ស្កល់​បាន​ថយចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល ២០ ចុង​ក្រោយនេះ​នៅក្នុង​សង្គម​នៃ​ជីវិត​មនុស្ស ជាពិសេស​ក្នុងចំណោម​ស្ត្រី​ជិត ១ ភាគ ៤ និង បុរស​មាន​ចំនួន ១៦% កំពុង​ប្រឈម​នឹង​ការ​គេង​មិន​គ្រប់ នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត Sirimon Reutrakul ជា​សាស្ត្រាចារ្យ​រង​នៃ​សាកលវិទ្យាល័យ University of Illinois ។

​តាម​ការសិក្សា​នេះ​បាន​រកឃើញថា​ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​គេង​មិនបាន​គ្រប់គ្រាន់​នឹង​ប្រឈមមុខ​ហានិភ័យ​នៃ​ជំងឺ​ទឹក នោមផ្អែម ពីព្រោះ​វា​បាន​បង្ក​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​កាន់តែ​កើនឡើង​ខ្លាំង​ជាពិសេស​ចំពោះ​ស្ត្រី​កំពុងមាន​ផ្ទៃពោះ ។ ប៉ុន្តែលោក Reutrakul បាន​ប្រាប់​ឱ្យដឹងថា យើង​ត្រូវការ​ព័ត៌មាន​បន្ថែម​ជាច្រើន ដើម្បី​កំណត់ថា​តើ​រយៈពេល​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ត្រឹម​កម្រិត​ណា​ដែលនាំឱ្យ​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​នោះ ។

​ស្ត្រី​មាន​ផ្ទៃពោះ​ជារឿយៗ​តែង​កើតមាន​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​ដែលជា​រឿង​ធម្មតា និង ទូទៅ​ទៅហើយ​ក្នុង​ចន្លោះ​ត្រីមាស​ទី ២ ឬ​ទី ៣ ។ គ្រូពេទ្យ​តែង​ណែ​នាំឱ្យ​ស្ត្រីឱ្យ​យកចិត្តទុកដាក់​ពី​ចំណុច​នេះ ដោយ​ត្រូវ​ទៅ​វាស់​នូវ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤ និង ទី ២៨ ក្នុងអំឡុងពេល​ពរ​ពោះ ។

​ស្ត្រី​អាចមាន​ហានិភ័យ​ខ្ពស់​នៅពេល​សម្រាល​ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​កើនឡើង​ខ្ពស់ ព្រោះ​អាចធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​លើស​ទម្ងន់ និង ​ពិបាក​ក្នុងពេល​សម្រាល ។ ប៉ុន្តែ​បញ្ហា​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​ពរ​ពោះ​ដូច្នេះ និង វិល​មករក​ភាព​ធម្មតា​វិញ​បន្ទាប់ពី​សម្រាក​កូន​រួច ។

​ស្ត្រី​ដែលមាន​កូន​ដំបូង​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ និង ឡើង​ទម្ងន់​ខ្លាំង ប៉ុន្តែ​បើ​ស្ត្រី​មិនចេះ​តាមដាន​ពិនិត្យ​នោះទេ វា​អាច​បណ្តាលឱ្យ​ពួកគេ​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​នៅក្រោយពេល​សម្រាលកូន​រួច ឬ​នៅពេល​ឈានដល់​វ័យចាស់​បន្តិច ឬ ក៏​អាច​ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់ មិនអាច​វិល​មករ​ក្សា​រូបរាង​ដើម និង គ្រប់គ្រង​ទម្ងន់​បាន​នោះទេ ។

​ការស្រាវជ្រាវ​ត្រូវបាន​គេ​វិភាគ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន ១៧.៣០៨ នាក់ ដោយ​ធ្វើការ​សិក្សា​ពី​រយៈពេល​គេង​ ប្រវត្តិ​នៃ​ការឡើង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង រយៈពេល​នៃ​ការ​គេង​តិចជាង ៦ ម៉ោង ដោយ​ពិនិត្យ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៨៧ នាក់ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​ដើម្បី​វិភាគ​បន្ថែម ។ ជា​លទ្ធផល​ហានិភ័យ​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​មាន​ចំនួន ១,៧ ដង​បន្ថែមទៀត​ពីលើ​ជំងឺ​ទឹកនោមផ្អែម​ធម្មតា​អំឡុងពេល​មាន​ផ្ទៃពោះ​។ ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Sleep Medicine Review ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច