ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅតែបន្តហូរចូលក្នុងប្រទេសបង់ក្លាដេស

ភ្នាក់ងារ​ជំនួយ​បាន​រាយការណ៍​ថា​ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ជិត ៧០០០ នាក់ បាន​ជាប់គាំង​ក្នុងស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៅតាម​ព្រំដែន​ជាប់​ប្រទេស​បង់​ក្លា​ដេ​ស​នៃ​ព្រំប្រទល់​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​ទើបតែ​ត្រូវបាន​ប្រទេស​បង់​ក្លា​ដេ​ស​អនុញ្ញាតឱ្យចូលទៅ​ជ្រកកោន​ក្នុងប្រទេស​របស់ខ្លួន ។​

​ជនភៀសខ្លួន​ទាំងអស់​បាន​ជាប់គាំងរ​យៈ​ពេល​បួន​ថ្ងៃ​មកហើយ​នៅ​ដែនដី​មួយ​ដែល​មិន​សម​នឹង​មនុស្ស​រស់នៅក្នុង​តំបន់ Cox’s Bazar និង កំពុងតែ​រងគ្រោះ​គ្មាន​អាហារ ​និង ​ទឹក ។ ទីភ្នាក់ងារ​មនុស្សធម៌​បានធ្វើ​អន្តរាគមន៍​ជាមួយ​ទាហាន​បង់​ក្លា​ដេ​សបាន​មកជួយ​ជម្លៀស និង សង់​ទីជម្រក​បណ្តោះអាសន្ន ដោយមាន​ផ្តល់នូវអាហារ ទឹក ថ្នាំពេទ្យ និង ពិនិត្យ​សុខភាព ។

​អ្នកនាំពាក្យ​របស់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ឈ្មោះ Joel Millman បាន​និយាយថា​ជនភៀសខ្លួន​ទាំង​នោះបាន​រៀបរាប់​ពី​រឿង​រ៉ាង​ដ៏​លំបាក និង ជូរ​ចត់​នៃ​ដំណើរ​ភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​អ្នកខ្លះ​បាន​រៀបរាប់ថា​ក្រុមគ្រួសារ​ខ្លះ​មិន​អាចយ​កកូន​របស់​ពួកគេ​មកជា​មួយ​អស់​នោះទេ គ្រួសារ​ខ្លះ​បាន​ទុក​កូន​នៅ​ជាមួយ​អ្នកជិតខាង​ជា​បណ្តោះអាសន្ន​ព្រោះ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ ។

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​ដែល​បាន​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ពីរ​ថ្ងៃមុនក៏​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​កងទ័ព​បង់​ក្លា​ដេ​ស​ដែរ ដោយ​បញ្ជូនទៅ​ជំរំ​ជនភៀសខ្លួន​នៅ Palang Khali ក្បែរ Cox’s Bazar កាលពី​ថ្ងៃទី ១៩ តុលា ឆ្នាំ ២០១៧ នេះ ។

​លោកស្រី Duniya Aslam Khan អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ឱ្យដឹងថា ទីភ្នាក់ងារ​កំពុង​បញ្ជូន​សម្ភារ​ជួយសង្គ្រោះ​ជាច្រើន ហើយ​បាន​បន្ថែមថា សូម្បីតែ​អង្គការ UNHCR ក៏​មិនអាច​ទប់ទល់​លំហូរ​នៃ​ជនភៀសខ្លួន​ដ៏​ច្រើន​ដូច្នេះ​បានដែរ ។

​អង្គការសហប្រជាជាតិ​នឹង​រៀបចំ​សន្និសីទ​សុំ​ជំនួយ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​សុំ​ការគាំទ្រ​ពី​អន្ដរជាតិ​ចំពោះ​វិបត្តិ និង ប្រកាស​សុំ​ជំនួយ​ប្រមាណ​ជា ៤៣៤ លានដុល្លារ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ដល់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ចំនួន​ជាង ១,២ លាន​នាក់ ត្រៀម​សម្រាប់​រយៈពេល ៥​ ខែ​ខាងមុខ​៕ សុផល (​ប្រភព​៖ VOA)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច