កុំព្យូទ័រ Surface Book 2 របស់ Microsoft ជំនាន់ថ្មីពិតជាខ្លាំងអស្ចារ្យ !

កុំព្យូទ័រ​យួរដៃ​ស៊េរី Surface Book របស់​ក្រុមហ៊ុន Microsoft កំពុង​បង្ហាញខ្លួន និង សមត្ថភាព​ជាថ្មី ដើម្បី​តម្រូវ​តាម​ការងារ​ការិយាល័យ ការ​រចនា និង​ ការងារ​ឌី​ហ្សា​ញ​ក្រា​ហ្វិ​ច​ផ្សេងៗ ។ ក្នុង​ជំនាន់​ថ្មី​នេះ វា​ត្រូវបាន​បំពាក់​មកជា​មួយ Intel Core ជំនា​ន់ទី ៨ និង មាន​រូបរាង​រឹងមាំ ធន់​ជាង​មុន​ ។

​កុំព្យូទ័រ Surface Book 2 ជំនាន់​ថ្មី​នេះ មាន​ពីរ​ម៉ូ​ដែ​ល សម្រាប់​បំពេញ​តាម​តម្រូវការ និង ប្រភេទ​ការងារ​ផ្សេងៗ ។ ម៉ូ​ដែល​សម្រាប់​ការងារ​ទូទៅ​អាច​ជ្រើសរើស​ទំហំ​អេក្រង់ 13.5 អ៊ីង ទំហំ​ផ្ទុក​ទិន្នន័យ 256 GB អង្គ​ចងចាំ​ទំហំ 8 GB និង Intel HD Graphic 620 GPU ។​

​ប៉ុន្តែ​បើ​អ្នក​ចង់​ប្រើ​ក្នុង​មុខងារ​លេង​ហ្គេម និង រចនា​ការងារឌី​ហ្សា​ញ​ក្រាហ្វិក​ផ្សេងៗ អ្នក​អាច​ជ្រើសរើស​អេក្រង់​ទំហំ ១៥ អ៊ីង មាន​បំពាក់​ក្រាហ្វិក​បន្ថែម​ប្រភេទ Nvidia ជា​ប្រភេទ​ក្រាហ្វិក GeForce GTX 1060 ជាមួយនឹង​អង្គ​ចងចាំ 6 GB ប្រភេទ DDR5 និង ទំហំ 16 GB RAM ក៏បាន ។ Surface Books ជំនាន់​ថ្មី​នេះ​ក៏មាន​បំពាក់​ប្រព័ន្ធ VR របស់​ក្រុមហ៊ុន Microsoft ផ្ទាល់ មាន​ប្រព័ន្ធ​ប្រតិបត្តិការ Windows Mixed Reality និង អាច​ប្រើ​ជាមួយ​ឧបករណ៍​បញ្ជា Xbox One សម្រាប់​លេង​ហ្គេម​កម្សាន្ត ។​

Surface Book 2 មាន​រន្ធ​ដោត USB 3 ,​រន្ធ​ដោត USB-C និង រន្ធ​ដោត​កាត SD​ ។ វា​មាន​អេក្រង់​កម្រិត 1080p ។ សម្រាប់​ម៉ូ​ដែ​ល​អេក្រង់ ១៣,៥ អ៊ីង មាន​ទម្ងន់ ១,៥ គីឡូក្រាម និង ម៉ូ​ឌែ​ល ១៥ អ៊ីង មាន​ទម្ងន់ ១,៩ គីឡូក្រាម ។ អាយុកាល​ថ្ម អាច​ប្រើ​បាន​រហូតដល់​ទៅ ១៧ ម៉ោង ។

​ក្រុមហ៊ុន Microsoft កំពុង​ទទួល​ការបញ្ជាទិញ Surface Book 2 ហើយ​ចាប់ពី​ថ្ងៃទី ៩ ខែវិច្ឆិកា​ នេះ​តទៅ ។ វា​មានតម្លៃ​ចាប់ពី ១៥០០ ដុល្លារ​ទៅ ៣៣០០ ដុល្លារ ៕ សុផល (​ប្រភព​៖ Microsoft)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច