កាមេរ៉ា VR ជំនាន់ថ្មីរបស់ Samsung មានសមត្ថភាពកម្រិតកំពូល !

ក្រុមហ៊ុន Samsung បានធ្វើការ​ផ្លាស់ប្តូរ​ និង ​ឈាន​មួយ​ជំហាន​ទៅមុខដោយបាន​បញ្ចេញ​កាមេរ៉ា​ប្រភេទ 360 ជំនាន់​ថ្មី ដើម្បី​ប្រើ​ឱ្យ​ត្រូវ​គ្នា​ជាមួយ​ឧបករណ៍ Gear VR របស់ខ្លួន ដោយ​ឧបករណ៍​ថ្មី​នេះ​មាន​ឈ្មោះថា Samsung 360 Round មាន​សមត្ថភាព​អាច​ថត​វីដេអូ​ប្រភេទ 4K, 3D បាន​ដោយ​មិនមាន​បញ្ហាយឺតយ៉ាវ​នោះឡើយ ។

​កាមេរ៉ា​ថ្មី​នេះ​មើល​មួយ​ភ្លែត​វា​មាន​រូបរាង​ស្រដៀង​ទៅនឹង​កូន​ថាសហោះ ។ វា​មាន​រូបរាង​តូច​ជាង​ផលិតផល​របស់​គូប្រជែង​ដូចជា Sony Discman ជាដើម ។ ឧបករណ៍ Samsung 360 Round នេះ មាន​ទំហំ ២០,៥ សង់ទីម៉ែត្រ គុណ​នឹង ៧,៧ សង់ទីម៉ែត្រ ។ វា​អាចធ្វើ​ដំណ​ភ្ជាប់​តាមរយៈ LAN និង Type C អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ 40 GB និង អាច​បន្ថែម​មេម៉ូរី​ប្រភេទ SD រហូតដល់​ទៅ 256 GB និង SSD រហូតដល់ 2 TB ។​

​ឧបករណ៍​នេះ​បំពាក់​មក​នូវ​មីក្រូហ្វូន​បំពង​សំឡេងចំនួន ៦ ​គ្រាប់ និង រន្ធ​ស្រូប​សំឡេងចំនួន ២ និង អ្វីដែល​សំខាន់​វា​ត្រូវបាន​បំពាក់​មក​នូវ​កា​ម៉េ​រ៉ា​ចំនួន ១៧ គ្រាប់ អម​ជាមួយ​នូវ​ឡេ​ន​ខាងមុខ​ពីរ​ចំ​កណ្តាល​អាច​ថត​វីដេអូ​ទំហំ 4K បាន ។ បន្ថែម​ពីនេះ​ក្រុមហ៊ុន Samsung ក៏បាន​បំពាក់​មក​នូវ​កម្មវិធី​សម្រាប់​ប្រើ​ឱ្យ​ត្រូវ​ជាមួយ​កុំព្យូទ័រ​ដើម្បី​ធ្វើការ​ផ្គុំ​រូប​ទាំងអស់​ជា​ទំហំ 3D បាន​ងាយស្រួល ។

​កាមេរ៉ា​នេះ​មាន​រូបរាង​សមល្មម ធន់ ការពារ​ធូលី​ដី និង ជម្រាប​ទឹក​កម្រិត IP65 ។ កា​ម៉េ​រ៉ា​នេះ​អាច​ដំណើរការ​ទៅបាន​រលូន​មិន​ក្តៅ​ម៉ាស៊ីន បើទោះជា​មិនបាន​បំពាក់​មក​នូវ​កង្ហា​ក៏ដោយ ។ ​ក្រុមហ៊ុន Samsung នៅ​មិនទាន់​ប្រកាស​ពី​តម្លៃ​លក់​នៅឡើយ ។ ប៉ុន្តែ​វា​នឹងមាន​លក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ចុងខែ​នេះ ៕ សុផល (​ប្រភព​៖ Samsung)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច