USAID បានប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយ មានទំហំទឹកប្រាក់ ៣ លានដុល្លារ សម្រាប់វិស័យទឹកស្អាតនៅកម្ពុជា !

ប៉ុន្មានថ្ងៃមុននេះ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បាន​ប្រកាស​​​​នូវ​គំនិតផ្តួចផ្តើមថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយ​លុប​​បំបាត់គម្លាតហិរញ្ញប្បទាន សម្រាប់ការផ្តល់សេវាអនាម័យ និង ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុង​ប្រទេស​​កម្ពុជា។​ គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និង អនាម័យ (WASH-FIN) នឹងជួយដល់​វិស័យ​​​ឯកជន​​​អាច​ផ្គត់ផ្គង់ទឹកស្អាតដល់អ្នកដែលមានតម្រូវការប្រើប្រាស់ ។

គោលបំណងចំបងរបស់គម្រោង WASH-FIN ក្នុងប្រទេសកម្ពុជាគឺផ្តល់ការគាំទ្រដល់ប្រតិបត្តិករ​ឯកជន​ដែលផ្គត់ផ្គង់ទឹកស្អាតអាចទទួលបាននូវប្រាក់ដែលពួកគេត្រូវការដើម្បីពង្រីក និង ធ្វើឱ្យ​ប្រសើរ​ឡើងនូវសេវាទឹកស្អាត និង អនាម័យ ។ គម្រោង WASH-FIN នឹងផ្តល់ជំនួយបច្ចេកទេស និង ​ជួយ​ពង្រឹងសមត្ថភាពប្រតិបត្តិករ ដែលផ្គត់ផ្គង់ទឹកនៅតាមបណ្តាខេត្ត ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និង តួអង្គ​​​ដទៃមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងវិស័យទឹកស្អាត និង អនាម័យ ។ គម្រោងនេះនឹងគាំទ្រដល់​ការ​​​​ប្រើ​ប្រាស់​ឥណទានឱ្យកាន់តែប្រសើរឡើងដូចជា៖ អាជ្ញាធរឥណទានអភិវឌ្ឍន៍USAID ដើម្បីបន្ត​បង្កើនកាលានុវត្តភាពសម្រាប់ហិរញ្ញវត្ថុពាណិជ្ជកម្ម ។

ការប្រកាសនូវគម្រោង WASH-FIN របស់ទីភ្នាក់ងារ USAID បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ការទទួលបាននូវសេវាទឹកស្អាតក្នុងប្រទេសកម្ពុជា។ ហិរញ្ញវត្ថុ គឺជាសមាសធាតុមួយដ៏សំខាន់​ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាផ្គត់ផ្គង់ទឹកស្អាត​នៅក្នុង​ប្រទេស ។  គម្រោងនេះកំពុងចាប់ដៃគូជាមួយអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បី​ទាញ​យកប្រយោជន៍ពីប្រព័ន្ធ និង ចំណេះដឹងក្នុងស្រុកដែលមានស្រាប់ ។ គម្រោង WASH-FIN រំពឹង​ថា ​កម្ចីធនាគារក្នុងស្រុក ដែលកើតចេញពីលទ្ធផលនៃគម្រោងនេះនឹងជួយពង្រីកការវិនិយោគលើវិស័យ​ទឹកស្អាត និង អនាម័យ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និង ប្រជាពលរដ្ឋ​មាន​សុខភាពកាន់តែប្រសើរឡើង ។

បើតាមប្រសាសន៍របស់លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានឱ្យដឹងថា “ទីភ្នាក់ងារ USAID មានមោទកភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជនដែលប្រតិបត្តិការលើ​វិស័យ​ផ្គត់ផ្គង់ទឹកស្អាត និង អនាម័យក្នុងប្រទេសកម្ពុជា ។ ទឹកស្អាត និង​​អនាម័យ​ គឺមានសារសំខាន់ ចំពោះសហគមន៍ទាំងអស់ ហើយយើងមានការជឿជាក់ថាគម្រោងនេះ​នឹង​គាំទ្រ​យ៉ាងខ្លាំងក្លា ចំពោះកំណើនសេដ្ឋកិច្ច ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ”៕ ចំណូល

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច