ស្ពាន​បេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាបនេះនឹង បើកការដ្ឋានសាងសង់នៅថ្ងៃទី ២៣ ខែនេះ !

កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ សាលា​រាជធានី​ភ្នំពេញ​បានបញ្ចេញ​គម្រោង​សាងសង់ ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​ មានទីតាំង នៅម្តុំផ្លូវ​សាលា​ដែក​ក្នុង​ខណ្ឌឫស្សីកែវ ឆ្ពោះទៅត្រើយម្ខាងក្នុងទឹកដីខណ្ឌ​ជ្រោយចង្វារ ។​

គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាបនេះ ​មាន​ប្រវែង​ស្ពានសរុប ៩២២ ម៉ែត្រ និង ទទឹង ២០,៥ ម៉ែត្រ​ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង ១,២៥ ម៉ែត្រទាំងសងខាង​​ កំពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ សរសរ​សម្រាប់​ព្យួរ​​ខ្សែកាប​មាន​ចំនួន ៤សរសរ គម្លាត​ពីគ្នាប្រវែង ១២០ម៉ែត្រ ​គន្លង​ខ្សែ​យានយន្ត​ទទឹង ៣,៧៥ ម៉ែត្រ​​ គន្លង​ធ្វើចរាចរ​ចំនួន ២​ខ្សែ​ទៅ ២​ខ្សែ​មក ​ល្បឿន​សុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង​១​ម៉ោង​កម្ពស់នាវាចរ​ក្រោម​ស្ពាន អតិបរមា​នៅ​រដូវវស្សា ១០,៥ ម៉ែត្រ ​កម្ពស់​នាវាចរ​ក្រោម​ស្ពាន អប្បបរមា នៅ​រដូវប្រាំង ២០,៥ ម៉ែត្រ​ ព្រមទាំង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង ដាក់​ស្លាក​សញ្ញា​ចរាចរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការបញ្ជាក់បែបនេះធ្វើ ឡើងនៅក្នុងកិច្ច ប្រជុំ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ដែលធ្វើឡើង នៅសាលារាជធានីភ្នំពេញនារសៀល ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៧ នេះ។ស្ពានថ្មីមួយនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​បញ្ជៀស​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​ ៦​ ឆ្លង​ចូល​ផ្លូវ​ជាតិ​លេខ​៥ ។

ក្រោយពី​ទទួលបានព័ត៌មាននេះ​ ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​សារ​ទរ​យ៉ា​ខ្លាំង​ ដោយពួកគាត់​សង្ឃឹមថា​ ក្រោយ​ពីកសាង​ស្ពាន​នេះរួច គេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយផ្នែកធំ ដែលឆ្លងកាត់ទៅត្រើយម្ខាងនៃទន្លេសាប ៕ សុថា​ត់​

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច