លោក David Beckham ងាកមកចាប់អារម្មណ៍កីឡា UFC វិញ

ក្រោយពី​លាចាក​ពី​កីឡាបាល់ទាត់​នា​ឆ្នាំ ២០១៣ កំពូល​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស លោក David Beckham ពេលនេះ​កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​វិស័យ​ប្រដាល់​ក្នុង​ទ្រុង UFC ។ ​​អតីត​កីឡាករ Manchester United និង Real Madrid រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កីឡាករ​រូប​សង្ហា​ប្រចាំ​វិស័យ​បាល់ទាត់ ហើយ​បច្ចុប្បន្ន​លោក Beckham បានធ្វើ​ការងារ​ជាមួយអង្គការ​សប្បុរសធម៌​មួយចំនួន ដែល​ការងារ​នោះបាន​តម្រូវឱ្យ​លោក​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ហើយ​កាលពី​ប្រមាណ​ជាង ២ ឆ្នាំមុន លោក​ក៏​ធ្លាប់ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដែរ ។

កាលពីពេល​ថ្មីៗ​នេះ គេ​ឃើញថា លោក Beckham បាន​បង្វែរ​អារម្មណ៍រ​បស់​ខ្លួន​ទៅកាន់​កីឡា​ក្នុង​ទ្រុង UFC វិញ ហើយ​លោក​ក៏​ទើបនឹង​ទៅ​ទស្សនា​កន្លែង​ហាត់​កីឡា​នេះ​នៅ Las Vegas ផងដែរ ។ គេ​បានដឹងថា លោក Beckham គឺជា​អ្នកគាំទ្រ​កីឡាករ Conor McGregor តែ​ពេលដែល​លោក​ទៅកាន់ Las Vegas នេះ លោក​ពុំបាន​ជួបនឹង​កីឡាករ UFC រូបនេះ​ទេ តែ​បែរជា​ជួប​កីឡាករ​ទម្ងន់​ធ្ងន់ Francis Ngannou វិញ ។ គួរ​បញ្ជាក់ដែរថា កីឡាករ Francis ជា​កីឡាករ​ជនជាតិ Cameroon ហើយ​ទោះបីជា​លោក​មមាញឹក​ក្នុង​ការហាត់​ត្រៀម​ឡើង​ប្រកួត ក៏​លោក​មិន​ភ្លេច​ឆ្លៀត​ថត​ជាមួយ David Beckham ដែរ ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច