ស្តាប់ចម្លើយសារភាព របស់ជនល្មើសរកស៊ីជួញដូរក្រលៀនបន្តិចមើល !

កន្លងមកការជួញដូរក្រលៀននេះគឺធ្លាប់តែឮ ឬ កើតមាននៅប្រទេសគេ ប៉ុន្តែរឿងនេះវាបានកើតមានឡើងនៅក្នុងស្រុកខ្មែរយើងហើយ នាពេលបច្ចុប្បន្ននេះ ដោយកាលពីចុងខែឧសភា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានធ្វើការចាប់ជនល្មើសបានចំនួន ២ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារពីបទជួញដូរសិរីរាង្គមនុស្សដោយខុសច្បាប់ ។ ហើយប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចបានចាប់ខ្លួនជនទី ៣ បានម្នាក់ទៀត ដែលជាបក្ខពួករបស់ក្រុមជួញដូរក្រលៀននេះ ។

បើតាមមន្ត្រីនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនសង្ស័យទី៣ ដែលទើបចាប់ខ្លួនបាននេះមានឈ្មោះ ជឿន ធី ហៅធីក្បាលធំ ភេទប្រុសអាយុ ៣៨ឆ្នាំ មានមុខរបរជាកម្មករ និង ជាអ្នករត់ការឯកសារបញ្ជូនមនុស្សឆ្លងដែនទៅប្រទេសឥណ្ឌាដើម្បីធ្វើការវះកាត់ដូរសិរីរាង្គ ( ដូរក្រលៀន ) ។ នៅក្នុងសំណុំរឿងទិញលក់ក្រលៀន ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី ២៤ ខែឧសភានោះ ឈ្មោះ ជឿន ធី គឺជាអ្នករត់ការឯកសារឱ្យជនរងគ្រោះ និង ជាអ្នកនាំជនរងគ្រោះមកជួបឈ្មោះ ឡាច ម៉េងហុង និង អឿ ឡាត ដែលសមត្ថកិច្ចចាប់ខ្លួនបានកាលពីចុងខែឧសភានោះ។ ប៉ុន្តែក្រោយពីចាប់ខ្លួនជនសង្ស័យទាំង ២ នាក់នោះមក ឈ្មោះ ជឿន ធី បានរត់គេចខ្លួនបាត់រហូត ហើយសមត្ថកិច្ចទើបតែចាប់ខ្លួនបានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ហើយក៏បានបញ្ជូនខ្លួនជននេះ ទៅឱ្យព្រះរាជអាជ្ញាធ្វើការសួរនាំ នៅព្រឹកថ្ងៃទី ១៩ ខែតុលា នេះផងដែរ ។

ពាក់ព័ន្ធនឹងការចាប់ខ្លួនជនសង្ស័យទាំងប៉ុន្មាននាក់ខាងលើនេះ កន្លងមកលោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង កាពារអនិតិជន រាជធានីភ្នំពេញ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យប្រុស ស្រី ២នាក់ ដែលសមត្ថកិច្ចចាប់បាននាពេលកន្លងមកនោះ ម្នាក់ជាមេខ្យល់ និង ម្នាក់ជាអ្នកគួកជេរ(រកមនុស្ស) ក្នុងករណីជួញដូរក្រលៀន ។ ក្នុងនោះជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមេខ្យល់) និង ម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ កន្លងមកសមត្ថកិច្ចរបស់យើងធ្លាប់បានទទួលព័ត៌មាន និង ពាក្យបណ្តឹងជាញឹកញាប់ ពាក់ព័ន្ធនឹងករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅប្រទេសឥណ្ឌា ។ ក្រោយពីទទួលបានពត៍មាននោះសមត្តកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៧ ឈានដល់ការឃាត់ខ្លួនស្រ្តីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លុះដល់វេលាម៉ោងជាង ៧យប់ថ្ងៃដដែលនោះ សមត្ថកិច្ចចាប់បានបុរសម្នាក់ទៀត ជាមេក្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមដំណើររឿង ដែលជនល្មើសបានសារភាពប្រាប់សមត្ថកិច្ចបានឱ្យដឹងថា ពួកគេគឺជាមុខសញ្ញាជួញដូរក្រលៀនពិតប្រាកដមែន និង ធ្លាប់បានធ្វើសកម្មភាពរយៈពេលជាង១ឆ្នាំមកហើយ និង ធ្វើបានជាង ១០នាក់មកហើយដែរ ដែលនាំមនុស្សពីកម្ពុជាយកទៅវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូដាលី ។ ជនល្មើសឈ្មោះ ឡាច ម៉េងហុង បានសារភាពថា រូបគេបានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឱ្យដើររកអ្នកជម្ងឺ ដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬ ជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។ ក្នុងនោះរូបគេបានប្រើល្បិចខ្ពស់ តាមរូបភាពពីរគឺទី១.ត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀន ឱ្យត្រូវគ្នាជាមួយអ្នកជម្ងឺត្រូវដោះដូរក្រៀន និង ទី២.ត្រូវការកែឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)ដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៍ ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។  ដោយក្រលៀនមួយ រូបគេយកពីអ្នកជម្ងឺតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក តែក្នុងតម្លៃជាង ៤ម៉ឺនដុល្លារនោះ គេបានយកទៅចំណាយលើការកែឯកសារ ដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និង ថ្លៃយន្តហោះ ការហូបចក់ និង ការស្នាក់នៅ ។ ដូច្នេះខ្លួនគេនៅសល់ប្រាក់ពីការចំណាយត្រឹមតែ ៥ ៨០០ ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។

ដោយឡែកចំពោះចម្លើយសារភាពរបស់ជនជាប់ចោទម្នាក់ទៀតជាស្រ្តីឈ្មោះ អើ ឡាត បានឱ្យដឹងថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង បាន២ដងទេ និង ដើររកបានមនុស្សចំនួន ២នាក់ប្រគល់ឱ្យឈ្មោះ ម៉េងហុង នាំទៅវះកាត់ដោះដូរក្រលៀននៅប្រទេសឥណ្ឌានោះ ។ ហើយមនុស្ស ២នាក់ ដែលរូបគេរកបាននោះ ត្រូវបានឈ្មោះ ម៉េងហុង ឱ្យសេវាម្នាក់ពី ៤០០ដុល្លារ ទៅ ៥០០ដុល្លារ តែក៏បានកំមុយសុងពីអ្នកលក់ក្រៀន និង អ្នកជម្ងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ ។ មូលហេតុ ដែលនាំឱ្យមានការរៀបចំ និង រកមនុស្ស(អ្នកលក់ និង អ្នកទិញក្រលៀន) ទៅធ្វើការវះកាត់ ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺធ្វើការវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ ១ម៉ឺន៥ពាន់ ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក(ថ្លៃមុខកាំបិត) មិនមែនថ្លៃក្រលៀនទេ ថ្លៃក្រលៀនគឺ ៥ ៨០០ដុល្លារផ្សេង ។

លោកវរៈសេនីយ៍ឯក កែវ ធា មានប្រសាសន៍ថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញទំនាក់ទំនងនៅក្នុងស្រុករហូតដល់ប្រទេសឥណ្ឌា រីឯស្រ្តីម្នាក់នោះគ្រាន់តែជាមនុស្សដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និង ឱ្យដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន) តែប៉ុណ្ណោះ ៕ ចំណូល

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច