PNN នឹងរៀបចំព្រឹត្តិការណ៍ប្រដាល់ Khmer-Thai Fight ដ៏ធំបំផុតមិនធ្លាប់មាននៅខែវិច្ឆិកា

​ក្នុង​បំណង​ចូលរួម​លើកកម្ពស់ និង ផ្សព្វផ្សាយ​គុន​ខ្មែរ ឱ្យ​ល្បី​សុះសាយ ជ្រួតជ្រាប​ទូទាំង​ពិភពលោក ស្ថានីយទូរទស្សន៍ ភី​អិន​អិន ដោយមាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា ព្រមទាំង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កម្សាន្ត​លំដាប់​អន្តរជាតិ Thai Fight ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា ឈ្មោះថា Khmer-Thai Fight ។​ ​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​កក្រើក​នេះ នឹង​ប្រព្រឹត្តឡើង​នៅ​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (​សាល​ប្រកួត​បាល់បោះ​/​បាល់ទះ​) រាជធានី​ភ្នំពេញ ។​

Thai Fight គឺជា​ក្រុមហ៊ុន​កម្សាន្ត​ដ៏​ធំ​ដែល​តែង​រៀបចំ​កម្មវិធី​ប្រដាល់សេរី​លំដាប់​អន្តរជាតិ ទាំង​នៅក្នុង​ប្រទេស​ថៃ និង នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន​នានា​នៅ​ទ្វីបអឺរ៉ុប​ជាដើម ។ សម្រាប់​លើក​នេះ Thai Fight បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍ PNN ដើម្បី​រៀបចំ​ព្រឹត្តិការ ណ៍ Khmer-Thai Fight ដែល​នឹងមាន​ការប្រកួត​របស់​កីឡាករ​គុន​ខ្មែរ​ឆ្នើមៗ ៤ រូប ទល់នឹង​កីឡាករ​បរទេស និង កីឡាករ​ថៃ ៤ រូប ទល់នឹង​កីឡាករ​បរទេស​ដូចគ្នា ពោលគឺ​ខ្មែរ និង ថៃ នឹងមិន​ប៉ះគ្នា​នោះទេ ។

​អ្នកលេង​គុន​ខ្មែរ​ឆ្នើមៗ​ទាំង ៤ ដែល​នឹង​បង្ហាញ​វត្តមាន​តំណាង​កម្ពុជា នៅលើ​សង្វៀន Khmer-Thai Fight នា​ថ្ងៃទី ២៥ ខែវិច្ឆិកា រួមមាន ពេជ្រ ម្ទេសខ្មាំង (​ប្រកួត​ក្នុង​ទម្ងន់ ៥៦ គីឡូក្រាម​), ឡៅ ចិ​ត្រា (​ប្រកួត​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​), ឃីម ឌី​ម៉ា (​ប្រកួត​ក្នុង​ទម្ងន់ ៦៣.៥ គីឡូក្រាម​) និង ម៉ឺន សុភា (​ប្រកួត​ក្នុង​ទម្ងន់ ៧១ គីឡូក្រាម​)​។​

​ដើម្បី​កម្ដៅ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡា​ជា​បណ្ដើរៗ​មុន​ព្រឹត្តិការណ៍ Khmer-Thai Fight ចូលមក​ដល់ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថានីយទូរទស្សន៍ ភី​អិន​អិន ក៏បាន​រៀបចំ​ចាក់ផ្សាយ​ឡើងវិញ​ការប្រកួត Thai Fight កន្លងមក​ដែល​ធ្លាប់មាន​កីឡាករ​កម្ពុជា ចូលរួម​ប្រកួត នៅក្រៅ​ប្រទេស រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ១១ ព្រឹក ពីថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០១៧ តទៅ ៕

​ព័ត៌មាន​ពី​កីឡា​របស់ ភី​អិន​អិន សូម​ចូលទៅ​កាន់​៖ https://www.facebook.com/pnnsports

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច