មិននឹកស្មានថា ចំណូលបានមកពីពលករទៅធ្វើការនៅក្រៅប្រទេសច្រើនដល់ម្ល៉ឹងសោះ !

ដោយសារតែនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ពុំសូវសម្បូរការងារធ្វើ និង ប្រាក់កម្រៃតិចផងនោះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស រហូតមកដល់ពេលនេះគឺមានចំនួនជាង ១ លាននាក់ ។ ហើយប្រទេសដែលស្រូបយកកម្លាំងពលកម្មពីប្រទេសកម្ពុជាច្រើនជាងគេនោះគឺប្រទេសថៃ ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងតែមានមោទកភាពយ៉ាងខ្លាំងពីចំណូល ដែលទទួលបានពីពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិរក្សាបាននូវអត្រា ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាកន្លងមកនេះ ។

នៅក្នុងដំណើរទស្សនកិច្ច និង សួរសុខទុក្ខពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ នាពេលកន្លងមកថ្មីៗនេះ  ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ ដោយបានកោតសរសើរពលករខ្មែរថា ជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិ ដោយបានរួមចំណែករកចំណូលជូនជាតិ ហើយពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មានចំនួន ១លាន និង ៥ម៉ឺននាក់ ។ ពលករទៅធ្វើការងារនៅប្រទេសជប៉ុន មានចំនួនជិត ៥ ០០០នាក់ និង ពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងមានចំនួនជាង ៥ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារកូរ៉េចំនួន ១៥ ០០០នាក់ ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទេសថៃមានចំនួន ១លាន និង ៥ម៉ឺននាក់ នោះ គឺពួកគាត់ម្នាក់ៗទទួលបានប្រាក់ឈ្នួលជាង ៣០០បាតក្នុងមួយថ្ងៃ ។ បើគិតជាមធ្យម ចំណូលដែលបានមកពីពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនោះគឺមានចំនួនជិត ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ហើយចំណូលទាំងនេះ បានជួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត ៕ ឧត្តម

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច