កម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះ ពីការចូលជាសមាជិក WTO ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ?

ប្រទេស​កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០០៤ កន្លងទៅ  បើគិតត្រឹមខែតុលា ឆ្នាំ២០១៧ នេះ គឺមានររយៈពេល ១៣ ឆ្នាំមកហើយ ។ ហើយក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និង ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលមានសមាជិកចំនួន ១៦៤ (មានប្រទេសកំពុងតម្រង់ជួរសុំចូលចំនួន ៣៣ ផ្សេងទៀត) បានពុះពារគ្រប់ឧបសគ្គ និង សម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលជាឧត្តមប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជា ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សមិទ្ធផលមួយចំនួន ក្នុងចំណោមសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបាន ដោយរាជរដ្ឋាភិបាលកម្ពុជាពីសមាជិកភាពរបស់អង្គការពិភពលោកដ៏ធំមួយនេះ ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ រួមមាន៖

ការរក្សា និង បង្កើនការវិនិយោគលើវិស័យនានា ជាពិសេសលើវិស័យកាត់ដេរ សម្លៀកបំពាក់ ដែលមានត្រឹមតែ ២០៩រោងចក្រ នៅក្នុងឆ្នាំ២០០៣ និង កម្មករត្រឹមតែ ២៥ម៉ឺននាក់  ។ ហើយប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤៥ដុល្លារ ក្នុងមួយខែ តែបច្ចុប្បន្ននេះមានរោងចក្ររហូតដល់ទៅ ៥៥៦រោងចក្រ មានកម្មករកើនដល់ ៦៥ម៉ឺននាក់ (ប្រមាណ ៨៨ ភាគរយជាស្ត្រី) និង ប្រាក់ឈ្នួលអប្បបរមាកើនដល់ ១៧០ដុល្លារ ដោយរួមបញ្ចូលប្រាក់ថ្លៃធ្វើដំណើរ និង អត្ថប្រយោជន៍នានាចំនួន ១៧ដុល្លារ ផងដែរ។ បានបើកច្រកទីផ្សារនាំចេញទៅជាច្រើនប្រទេស បានធ្វើឱ្យការនាំចេញទូទៅបានកើនឡើងពី ២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០០៣ ដល់ជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ (តាមស្ថិតិរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ)។

ការរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ជាងគេ គឺក្នុងរង្វង់ ៧ ភាគរយ គិតជាមធ្យម ធៀបនឹងកំណើនរបស់ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត ក្នុងចន្លោះ ពីឆ្នាំ២០០៤ ដល់ ​ឆ្នាំ ២០១៧ នេះ ។ អតិផរណាបានធ្លាក់ចុះពី ៥.៥ ភាគរយ ក្នុងឆ្នាំ ២០១១ មកត្រឹម ១.២ ភាគរយ ក្នុងឆ្នាំ២០១៥ ដោយសារមានគោលនយោបាយរូបិយវត្ថុច្បាស់លាស់។  អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៤៧,៨ ភាគរយ នៅឆ្នាំ២០០៧ មកនៅ ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤ ហើយកម្ពុជាក៏ទទួលបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ផងដែរ ដែលក្នុងនោះចំណូលជាតិសរុបចំនួន ១.០៧០ដុល្លារ សម្រាប់ប្រជាជនម្នាក់។ សមាជិកភាពរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានផ្តល់នូវសិទ្ធិស្មើភាពជាមួយប្រទេសសមាជិកទាំងអស់ក្នុងការពិគ្រោះយោបល់ ពិភាក្សា ដោះស្រាយវិវាទ និង ធ្វើការសម្រេចចិត្តនានារបស់អង្គការនេះ ។ កម្ពុជាក៏ទទួលបានផងដែរនូវជំនួយបច្ចេកទេស និង ការបណ្តុះបណ្តាលពីអង្គការពាណិជ្ជកម្មពិភពលោក និង ទទួលបានជំនួយសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្ម ជាដើម។ ហើយកម្ពុជាបានដើរតួនាទីជាប្រធានក្រុមសម្របសម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីខែកុម្ភៈឆ្នាំ២០១៧ កន្លងទៅ ដែលបាន និង កំពុងជួយជំរុញដល់ការចរចានានា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងចន្លោះពីឆ្នាំ២០០៤ ដល់២០១៧ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្ស កែទម្រង់ស្ថាប័ន និង រចនាសម្ព័ន្ធ កសាងលិខិតបទដ្ឋានច្បាប់ និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលបានជួយសម្រួល និង ទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើនមកកម្ពុជា។ សមិទ្ធផលទាំងនេះ បាននិងកំពុងជួយដល់ការពង្រីកកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាជនកម្ពុជា ព្រមទាំងជួយលើកតម្កើងកិត្យានុគោលភាព និង កិត្តិនាមកម្ពុជា ក្នុងឆាកអន្តរជាតិផងដែរ ៕ ឧត្តម

 

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច