សមត្ថកិច្ចបង្ក្រាបប្រហិត និង សាច់មាន់ខូចគុណភាព និង មានសារធាតុគីមីជាង ១ តោន នាំចូលពីថៃ !

មាន​ប្រហិត សាច់មាន់ ខូចគុណភាព និង មាន​សារធាតុ​គីមី ចំនួន ១ ៦៨៧ គីឡូក្រាម ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បង្ក្រាបបាន​កាលពី​ព្រឹក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ នៅ​ចំណុច​គល់ស្ពាន​កោះ​ប៉ោ ។​

ប្រហិត សាច់មាន់​ខូចគុណភាព និង មាន​សារធាតុ​គីមី ទាំងនោះ ត្រូវបាន​ឈ្មួញ​នាំ​ចេញពី​ប្រទេស​ថៃ ដឹក​តាម​កង់​បី ចូលមក​ខេត្តកោះកុង ដើម្បី​ចែកចាយ​ទៅកាន់​ទីផ្សារ ក្នុង​ខេត្តកោះកុង និង ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ ។​
​ ​លោក​វរសេនីយ៍ឯក មីន រស្មី ស្នងការរង​ផែន​ប្រឆាំង​បទល្មើស​ខេត្ត​បានឱ្យ អ្នក​សារព័ត៌មាន​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ​ខូចគុណភាព​ចេញពី​ប្រទេស​ថៃ​ដើម្បី​យកមក​ធ្វើការ​ចែកចាយ​នៅក្នុង​ផ្សារ​ដងទង់ និង បន្ត​ដឹក​ទៅកាន់​តំបន់​ផ្សេងៗ​ទៀតនោះ លោក​ក៏​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱ​វ៉ាទ​ចុះ​ឆែកឆេរ​ ដោយរកឃើញ​សាច់មាន់ និង ប្រហិត​ខូច គុណភាព​ចំនួន ១ ៦៨៧ គីឡូក្រាម ។

បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា ទំនិញ​ខាងលើ​ជា​របស់​ឈ្មួញ ចំនួន ២ នាក់ គឺទី​១ ឈ្មោះ ទូច សារឿន ភេទ​ស្រី អាយុ ៤៩ ឆ្នាំ ទី​២ ឈ្មោះ ឡាយ សារី ភេទ​ស្រី អាយុ ៣៨ ឆ្នាំ ​។ ចំពោះ​ម្ចាស់​ទំនិញ​ខាងលើ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ទេ ដោយ​គ្រាន់តែ​ធ្វើការ​ណែនាំ​អប់រំ និង​ ចុះកិច្ចសន្យា ។ ចំណែក​វត្ថុតាង​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល ៕ សុថា​ត់​

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច