ឧបករណ៍ Kindle Oasis របស់ Amazon បានត្រលប់មកជាថ្មីនូវម៉ូដែលមានអេក្រង់ទំហំ ៧ អ៊ីង និង បន្ថែមលក្ខណៈសម្បត្តិផ្សេងៗពិសេសជាងមុន ។ ក្រុមហ៊ុនបានបន្ថែមកម្រិតដង់ស៊ីតេរហូតដល់ទៅ ៣០០ ដង់ស៊ីតេពណ៌ (PPI) និង បង្កើនចំនួនអំពូល LED ពី ១០ ទៅ ១២ គ្រាប់ ធ្វើឱ្យអេក្រង់ច្បាស់ទោះអានក្រោមពន្លឺថ្ងៃ ។ វាក៏បន្ថែមមកនូវសេនស័រពន្លឺអាចកែតម្រូវទៅបរិស្ថានសម្រួលក្នុងការអាន ។
សមាជិកថ្មីនេះត្រកូល Kindle មួយនេះបំពាក់នូវកម្រិតការពារជជ្រាបទឹក IPX8 មានន័យថា វាអាចត្រាំទឹកបានរហូតដល់ទៅ ៦០ នាទី ក្នុងជម្រៅទឹក ២ ម៉ែត្រសម្រាប់ទឹកសាប និង អាចធន់រងនឹងការសាចនៃទឹកសមុទ្រផងដែរ ។ ដូច្នេះវាស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅនៅតាមមាត់សមុទ្រ ។
សម្រាប់ម៉ូឌែលថ្មីនេះមានទំហំផ្ទុកឯកសារចាប់ពី 8 GB រហូតដល់ 32 GB ។ វាបានបន្ថែមប្ល៊ូធូស រន្ធបំពងសម្លេង ប៉ុន្តែគ្មានរន្ធដោតកាសនោះទេ តែអ្នកប្រើប្រាស់អាចធ្វើដំណភ្ជាប់ជាមួយប្ល៊ូធូសបាន ។ ម៉ូដែលថ្មីនេះស្រោបដោយសារធាតុអាលុយមីញ៉ូម មានទម្ងន់ត្រឹមតែ ១៩៤ ក្រាមតែប៉ុណ្ណោះ ។ ចំពោះថាមពលថ្មវិញ គឺអាចប្រើបានរហូតដល់ទៅ ៦សប្តាហ៍ឯណោះក្រោយពេលសាកពេញម្តងៗ ។
ក្រុមហ៊ុនក៏បានផលិតគម្របមកជាមួយផងដែរ តែត្រូវទិញបន្ថែមក្នុងតម្លៃចាប់ពី ៤៥ សម្រាប់ស្រោមក្រណាត់ និង ៦០ ដុល្លារសម្រាប់ស្រោមស្បែក ។ សម្រាប់ម៉ូដែលទំហំ 8 GB នឹងលក់ក្នុងតម្លៃ ២៨០ ដុល្លារ ចំណែក ទំហំ 32 GB នឹងលក់ក្នុងតម្លៃ ៣៥០ ដុល្លារ ដែលនឹងចេញលក់នៅដើមខែវិច្ឆិកា ខាងមុខនេះ ៕ សុផល (ប្រភព៖ Amazon)