គ្រាន់តែគេង ក៏អាចជួយសម្រកទម្ងន់បានមែនឬ ?

បើ​អ្នក​មានបំណង​ចង់​សម្រក​ទម្ងន់ អ្នក​មិនចាំបាច់​ទៅ​កន្លែង​ហាត់ប្រាណ​ញឹកញាប់​ក៏បាន ។ ការ​សម្រក​ទម្ងន់​ក៏​អាច​សម្រេចបាន តាមរយៈ​ការ​គេង​ផងដែរ ដោយ​អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញថា ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ទម្ងន់ ក៏​អាច​កើតចេញ​មកពី​ឥរិយាបថ​នៃ​ការ​គេង​ផងដែរ ។

​ខាងក្រោម​នេះ​ជា​គន្លឹះ​មួយចំនួន​ដើម្បី​ជួយ​សម្រក​ទម្ងន់​នៅពេល​គេង​៖

​ពិសា​អាហារ​ពេល​ល្ងាច​ក្នុង​បរិមាណ​តិចតួច​៖

​សូមកុំ​ពិសា​អាហារ​ពេល​ល្ងាច​ច្រើនពេក ព្រោះ​ការ​ញ៉ាំ​ច្រើន អាចធ្វើ​ឱ្យមាន​ការលំបាក​ដល់​ការរំលាយ​អាហារ និង រំខាន​ដំណេក​របស់​អ្នក ហើយ​វារឹតតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ​អស់កម្លាំង តានតឹង និង ក្រៀមក្រំ​នៅពេល​អ្នក​ភ្ញាក់​ពី​ដំណេក ហើយ​វា​ក៏​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ធាត់​ដុះពោះ​ផងដែរ ។

​ផឹក​តែ​មុនពេល​ចូល​គេង​៖

​មុនពេល​ចូល​គេង​ចូរ​ផឹក​តែ​ផ្សេងៗ ជាពិសេស​តែ​បៃតង ដែល​អាចជួយ​ឱ្យ​អ្នក​សម្រាក និង គេង​លក់​ស្រួល ។ តែ​ដែល​ផ្សំ​មកពីផ្កា​រុក្ខជាតិ និង ស្លឹក​រុក្ខជាតិ​ផ្សេងៗ ដូចជាផ្កា Chamomile ស្លឹក​ជី​អង្កាម ស្លឹកគ្រៃ តែ​ស្លឹក​ផ្កាកូលាប គឺ​ល្អ​បំផុត ជួយ​ឱ្យ​គេង​ឆាប់​លក់ និង ជួយ​សម្រក​ទម្ងន់ ។

​គ្រប់គ្រង​បរិមាណ​សាច់​៖

​សូម​ព្យាយាម​ពិសា​សាច់សត្វ​ដែល​ល្អ​ចំពោះ​សុខភាព​ដូចជា​សាច់​ចៀម មាន់ និង អាហារ​ដែលមាន​សារធាតុ​អា​ម៉ី​ណូ​អាស៊ីដ ​ព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ជួយ​ដល់​រាងកាយ​ឱ្យ​គេង​លក់​ស្រួល និង ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​សាច់​កុំ​ពិសា​ច្រើនពេក ។ បើតាម​ការស្រាវជ្រាវ​បានឱ្យដឹងថា សាច់សត្វ​ប្រភេទ​នេះ ក៏​ជួយ​កាត់បន្ថយ​កម្រិត​កាឡូរី​បាន​ច្រើន ។

​ពិសា​គ្រាប់​ធញ្ញជាតិ​៖

​គ្រាប់​ធញ្ញជាតិ​ គឺជា​ប្រភព​ដ៏​ល្អ​មួយ​ដែល​ជួយ​ពង្រឹង​សារធាតុ​អ័រម៉ូន​ប្រភេទ សេ​រ៉ូ​តូ​នី​ន serotonin ជួយ​បន្ថយ​អារម្មណ៍​តានតឹងធ្វើឱ្យ​អ្នក​ស្រស់ស្រាយ បង្កើន​គុណភាព​គេង និង ជួយ​ទប់​លំនឹង​អ័រម៉ូនមិនឱ្យរាងកាយ​ឆាប់​ឡើង​ទម្ងន់​ដោយ​ការប្រែប្រួល​នៃ​អ័រម៉ូន ។

​អាហារ​កាក​សរសៃ​៖

​សូម​ព្យាយាម​ពិសា​អាហារ​កាក​សរសៃ​ឱ្យបាន​រាល់ថ្ងៃ ព្រោះ​រាងកាយ​ត្រូវការ​យ៉ាងហោចណាស់ ២០ ក្រាម​ក្នុង​មួយថ្ងៃ ។ វា​ក៏​ជួយ​ពង្រឹង​កម្រិតអ័រម៉ូន សម្រួល​ដំណេក និង រក្សា​លំនឹង​អ័រម៉ូន​ក្នុង​រាងកាយ​មិនឱ្យ​ឆាប់​ឡើង​ទម្ងន់ ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច