ស្លឹកឈើសិប្បនិម្មិតអាចបង្កើតថាមពលអគ្គិសនី ដោយប្រើទឹក និង ពន្លឺថ្ងៃ

ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ និង បង្កើត​នូវ​ស្លឹកឈើ​សិប្បនិម្មិត​មួយ​ប្រភេទ​ដែលមាន​សមត្ថភាព​អាច​ស្រូប​ថាមពលព្រះអាទិត្យ​បង្កើតជា​ថាមពល​ឧស្ម័ន​អ៊ី​ដ្រូ​ហ្សែ​ន​ពី​ទឹកបាន ដែល​នេះ​ជា​បច្ចេកវិជ្ជា​ថ្មី​មួយ​ជួយ​ផ្តល់នូវ​ថាមពល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុងពេល​អនាគត​ដ៏​ខ្លី ។ ឧបករណ៍​គ្មាន​ខ្សែ​ដ៏​ស្តើង​មួយ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ច្នៃ​បង្កើតឡើង​ពី​ប្រភព​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន ហើយ​នេះ​ក៏​ជា​ដំណោះស្រាយ​ថ្មី​ចំពោះ​ថាមពល​ប្រើប្រាស់​ក្នុងពេល​អនាគត ​និង​ មិន​ប៉ះពាល់​ដល់​បរិស្ថាន នេះ​បើ​យោងតាម​ការសិក្សា​ពី​អ្នកវិទ្យាសាស្ត្រ​មកពី Council of Scientific and Industrial Research- Nantional Chemical Laboratory ក្នុងប្រទេស​ឥណ្ឌា ។

​​គេ​បានដឹងថា ការដុត​កម្តៅ​អ៊ី​ដ្រូ​ហ្សែ​ន​នឹង​បង្កើតបាន​ថាមពល និង បញ្ចេញ​សារធាតុ​ទឹក ដែលជា​សមាសធាតុ​ពីរ​សំខាន់បំផុត ចាំបាច់​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​ការប្រើប្រាស់​ក្នុងប្រទេស​ឥណ្ឌា និង បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី ។​​ ឧបករណ៍​នេះ​ផ្សំ​ឡើង​ពី​បង្គុំ​នៃ​ឧបករណ៍​ពាក់កណ្តាល​ចម្លង (semiconductors) ដាក់​តម្រៀប​លើ​គ្នា​យក​លំនាំ​តាម​ប្រព័ន្ធ​សំយោគ​នៃ​ស្លឹកឈើ​ធម្មជាតិ ។ ហើយ​នៅពេល​សំដិល​ប៉ះ​ត្រូវ​កម្តៅថ្ងៃ វា​នឹង​បង្កើតជា​ចរន្ត​អេ​ឡិច​ត្រុ​ង​ធ្វើដំណើរ​ក្នុងទិសដៅ​មួយ បង្កើតបានជា​ថាមពល​អគ្គិសនី​ឡើង ។ ចរន្ត​នេះ​នឹង​បំបែក​សារធាតុ​ទឹក​ឱ្យទៅជា​អ៊ី​ដ្រូ​ហ្សែ​ន ។

​គួរ​បញ្ជាក់ថា ​បច្ចុប្បន្ននេះ​អ៊ី​ដ្រូ​ហ្សែ​ន​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការដុត​ធ្យូង​ហ្វូ​ស៊ី​ល ដើម្បី​បង្កើតជា​ចំហាយ​ទឹក ហើយ​ដំណើរការ​នៃ​ការផលិត​ថាមពល​នេះ​ត្រូវ​បញ្ចេញ​សារធាតុ​ឧស្ម័ន​កាបូ​និ​ច​ច្រើន​ទៅក្នុង​បរិយាកាស ដែល​អាច​បង្ក​ជាការ​ឡើងក​ម្តៅ​ផែនដី ។

​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Scientific Reports ដោយ​គេ​បានដឹងថា ​ប្រសិនបើ​ប្រើ​ឧបករណ៍​នេះ​ក្នុង​ផ្ទៃក្រឡា ​២៣ សង់ទីម៉ែត្រ​ការ៉េ អាច​ផលិត​បាន​ឧស្ម័ន​អ៊ី​ដ្រូ​ហ្សែ​ន​ចំនួន ៦ លីត្រ ក្នុង​រយៈពេល ១ ម៉ោង ។ ហើយ​បើសិនជា​សំដិល​វា​ត្រូវ​នឹង​កម្តៅ​ព្រះអាទិត្យ​បាន ២៥ ម៉ោង វា​នឹងមាន​ថាមពល​ទាញ​ទុក​ប្រើ​ឡើងវិញ​បាន​ដោយ​មិនចាំបាច់​ត្រូវការ​ថាមពល​ក្រៅ​បន្ថែម​ដើម្បី​ដំណើរការ​នោះឡើយ ។ ថាមពល​នេះ​មាន​លក្ខណៈ​សំខាន់​ជាង​បន្ទះ​អាគុយ​ប្រើ​ដោយ​ថាមពល​អគ្គិសនី​ទៅទៀត ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច