រយៈពេល ៩ ខែឆ្នាំនេះ គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ធ្ងន់ធ្ងរដល់ម្ល៉ឹងផង !

រយៈពេលប៉ុន្មានខែ នៅក្នុងឆ្នាំ ២០១៧នេះ មានករណីគ្រោះមហន្តរាយ ដែលបង្កឡើង ដោយគ្រោះធម្មជាតិ បណ្តាលឱ្យមនុស្សស្លាប់ បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់រាប់ពាន់ខ្នង និង ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។ ហើយខេត្ត ដែលទទួលរងនូវគ្រោះមហន្តរាយ ដោយធម្មជាតិ ឬ ទឹកជំនន់ ធ្ងន់ធ្ងរជាងគេនោះមានចំនួន៥ខេត្តគឺខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និង ខេត្តកំពង់ធំ ។

នៅក្នុងដំណើរចុះពិនិត្យនៅតាមបណ្តាខេត្ត ដែលរងគ្រោះទាំងនោះ ដោយផ្ទាល់ ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកជា អនុប្រធានប្រចាំការ និង ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៧នេះ គ្រោះមហន្តរាយ ដោយធម្មជាតិបានកើតមានចំនួន ១៥៩លើក ក្នុងចំណោម ២៣ រាជធានី-ខេត្តក្រុង  បណ្តាលឱ្យរងផលប៉ះពាល់ រលំ និង ខូចខាតផ្ទះយ៉ាងធ្ងន់ធ្ងរចំនួន ៥៥៦ខ្នង ។ របើកដំបូលជញ្ជំាង និង ខូចខាតមធ្យម ចំនួន៣.៤៧៤ខ្នង ។ ប៉ើងដំបូលសាលារៀនចំនួន ៣៧អគារ និងអគារផ្សេងៗទៀតចំនួន ២៨អគារ ព្រមទាំងធ្វើឱ្យដើមកៅស៊ូ ប្រមាណជា ៤៦០០ដើម បានរលំបាក់ខូចខាត (កំពង់ធំ និង ព្រះសីហនុ) ។ ហើយបានធ្វើឱ្យពលរដ្ឋរងគ្រោះ ស្លាប់ចំនួន ៦នាក់ (ផ្ទះនិងដើមឈើរលំសង្កត់ ២នាក់ និង រងគ្រោះនៅតំបន់សមុទ្រ ៤នាក់) របួស៥០នាក់ រងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន ៧០នាក់ (ស្រី១៥នាក់) របួសចំនួន ៦២នាក់, ងាប់គោ និង ក្របីចំនួន  ៥៩ក្បាល និង ខូចខាតផ្ទះទាំងស្រុង ចំនួន ៩ខ្នង ។

ចំពោះវិធានការចម្បងទប់ទល់បញ្ហានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានសហការជាមួយអង្គការ PIN និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដាក់ ឱ្យដំណើរការនូវប្រព័ន្ធប្រកាសឱ្យដឹងមុនជាសំឡេងអំពីគ្រោះមហន្តរាយ (EWS 1294) តាមទូរស័ព្ទដៃនៅក្នុងខេត្តចំនួន ៧មានដូចជា ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នំាង និងខេត្តកំពត  ដែលមានប្រជាពលរដ្ឋចុះឈ្មោះសរុបចំនួន ៥១.១១៩នាក់ ៕ ចំណូល

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច