បាស់ Aivia បញ្ជាដោយសំឡេងពិសេសជាង Google Home

ឧបករណ៍​បាសស់បំពង​សំឡេង Aivia គឺជា​ឧបករណ៍​ថ្មី​មួយ​បំពាក់​មកជា​មួយ​នូវ​អេក្រង់​ចុច​ដ៏​ធំ​មួយ បញ្ជា​ដោយ​សំឡេង និង អាចធ្វើ​ការ​សាក​ថ្ម​ទៅកាន់​ទូរស័ព្ទ​ដោយ​ដំណ​ភ្ជាប់​ឥត​ខ្សែ​បាន​ថែម​ទៀតផង ។ អ្វីដែល​សំខាន់ វា​ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​បាស​បំពង​សំឡេង B&O subwoower យ៉ាង​ពិសេស​មាន​គុណភាព​សំឡេងខ្ពស់ ។

​ក្រុមហ៊ុន SproutBox Design ក្នុងប្រទេស​កាណាដា​ ដែលជា​អ្នក​រចនា​ម៉ូដ បាន​និយាយថា​ឧបករណ៍ Aivia នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង Google Home និង ឧបករណ៍ Echo របស់​ក្រុមហ៊ុន Amazon ផងដែរ ប៉ុន្តែ​វា​មាន​គុណភាព​សំឡេងខ្លាំង​ជាង និង មាន​មុខងារ​ច្រើន​ប្រសើរ​ជាង​ដូចជា មាន​កាមេរ៉ា​នៅ​ពីមុខ និង អាច​សាក​ថាមពល​ឥត​ខ្សែ ជាដើម ។

​ឧបករណ៍​បាស​នេះ​ត្រូវបាន​ចំណាយពេល​ផលិត​រយៈពេល ២ ឆ្នាំ និង ទើប​បង្ហាញខ្លួន​កាលពីដើមឆ្នាំ ២០១៧ នេះ ហើយ​ឥឡូវនេះ​វា​ត្រូវ​បានប្រកាស​ប្រមូល​ការគាំទ្រ​ផលិត​នៅ Kickstarter ។

​បាស់​នេះ​មាន​លក្ខណ​ធន់ និង ការពារ​ស្នាម​ឆ្កូត​បាន និង អាច​យកទៅ​បំពាក់​តាម​ជញ្ជាំង និង មាន​ខ្សែ​លយ​ពីក្រោយ​ទុក​ប្រើ​ដោត​ថាមពល​សាក​ថ្ម​បាន​ងាយស្រួល ។ ឧបករណ៍​នេះ បំពាក់​ថ្ម​ទំហំ 10,000 មី​លី​អំពែរ អាច​ស្តាប់​បាន​រយៈពេល ៥ ម៉ោង ។

​បន្ទះ​អេក្រង់​ចុច​មាន​ទំហំ ៨ អ៊ីង​ប្រភេទ HD ដំណើរការ​កម្មវិធី Android និង អាច​ប្រើ​កម្មវិធី​ដូចជា YouTube, Netflix និង Spotify​ បានផងដែរ ។ ហើយ​អ្វីដែល​សំខាន់បំផុត ​គឺ​អ្នកប្រើប្រាស់​អាចធ្វើ​ការបញ្ជា​ដោយ​សំឡេង​បានដោយ​ប្រើ​កម្មវិធី Google Assistant​។​

Aivia នឹង​លក់រាយ​ក្នុងតម្លៃ ៣៩៩ ដុល្លារ​អាមេរិក ប៉ុន្តែ​អ្នក​ប្រហែលជា​រង់ចាំ​យូរ​បន្តិច​ គឺ​រហូតដល់​ខែកក្កដា​ឆ្នាំ ២០១៩ ឯណោះ ប្រសិនបើ​ផែនការ​គាំទ្រ​ទទួលបាន​ដូច​ការគ្រោងទុក​ ៕ សុផល (​ប្រភព​៖ SproutBox Design, Kickstarter)

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច