កម្មករ​ ២ ​នាក់​បងប្អូន ​ធ្លាក់ក្នុង​រណ្តៅ​រ៉ែ​មាស​ជម្រៅ​ជិត​ ៣០​ ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម

​នៅ​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​២០១៧ កម្មករ​២​នាក់​បងប្អូន ធ្វើការ​នៅ​ក្រុមហ៊ុន​រុក​រក​រ៉ែ​មាសឥណ្ឌា មេស​កូ​ហ្គោល MescoGoal បាន​ជិះ​ខ្សែ​កា​ប្តិ៍​ចុះក្រោម ស្រាប់តែ​ដាច់ទឹក​អ​ន្សា​ធ្លាក់ ជម្រៅ​ជិត​៣០​ម៉ែត្រ ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​នេះ មាន​ទីតាំង​ស្ថិត នៅក្នុងភូមិ​ពាក ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។​

ជនរងគ្រោះ ជា​បង​មានឈ្មោះ ឆក រុំ អាយុ ​២២​ ឆ្នាំ ជនជាតិខ្មែរ និង​ ប្អូន​ឈ្មោះ ឆក រិ​ទ្ធ អាយុ​ ១៨​ ឆ្នាំ ​ពួកគេ​មាន​ស្រុកកំណើត នៅ​ភូមិ​កប្បាស ឃុំ​មេ​ម៉​ង់ ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ហើយ​មក​ធ្វើការ​ក្នុង​ការដ្ឋាន​នេះ ទើបតែបាន ​១​អាទិត្យ​ប៉ុណ្ណោះ ហើយទទួលបានប្រាក់​កម្រៃ​ពលកម្ម ក្នុង​១​ថ្ងៃ ​៣​ ម៉ឺន​រៀល​ ។ ​បន្ទាប់ពី​កើតហេតុខាង​ក្រុមហ៊ុន​ប្រឹងប្រែងជួយសង្គ្រោះ ​ដែរ ដោយ​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ជនរងគ្រោះ​បានស្លាប់តាំងពី​នៅ​កន្លែងកើតហេតុ​មកម្ល៉េះ​ ។

បើតាម​ការ​ឱ្យដឹង​ពី​តំណាង​ក្រុមហ៊ុន​រ៉ែ​មាស​«​មាស​ស្គូ​ហ្គោ​»​របស់​ក្រុមហ៊ុន​ឥណ្ឌា​នោះ​ថា សាកសព​ទាំង ២នាក់ ​ត្រូវបាន​ក្រុមហ៊ុន​ទទួលខុសត្រូវ​ទាំងស្រុង​ទាំង​ជួល​ឡានពេទ្យ​ដឹក​សាកសព ​និង ​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ  ។ ចំពោះ​ថ្លៃ​សំណង​ខាង​ក្រុម​ហ៊ុម​មេស​កូ​ហ្គោល​របស់​ឥណ្ឌា សហការ​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម  (​ប​-​ស​-​ស​) ធានារ៉ាប់រង​ទាំងអស់​ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច